(ប្រេស៊ីឡា)៖ រដ្ឋាភិបាលប្រេស៊ីល បានប្រកាសថាខ្លួនត្រៀមលក្ខណៈរួចហើយ ដើម្បីទទួលយកជំនួយពីបរទេស ដើម្បីបង្កើនកិច្ចប្រឹងប្រែងពន្លត់ភ្លើង ដែលកំពុងឆាបឆេះយ៉ាងអាក្រក់ នៅតំបន់ព្រៃអាម៉ាហ្សូន ប៉ុន្តែបានដាក់លក្ខខណ្ឌថា លុះត្រាតែប្រេស៊ីលផ្ទាល់ អាចកំណត់ពីរបៀបចាត់ចែងនៃថវិកាជំនួយទាំងនោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០១៩។
អ្នកនាំពាក្យប្រធានាធិបតីប្រេស៊ីល បាននិយាយថា រដ្ឋាភិបាលប្រេស៊ីល បើកទទួលការផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ ពីបណ្តាអង្គការ និងប្រទេសនានា ដែលចង់ជួយដល់ការពន្លត់ភ្លើងឆេះព្រៃនៅអាម៉ាហ្សូន ក៏ប៉ុន្តែនៅពេលថវិកាទាំងនោះចូលមកដល់ប្រេស៊ីល ពួកវានឹងត្រូវតែស្ថិតក្រោមការចាត់ចែងទាំងស្រុងរបស់ប្រេស៊ីល។
ការប្រកាសពីការសម្រេចចិត្តបែបនេះ បន្ទាប់ពីអភិបាលនៅតាមរដ្ឋក្នុងតំបន់ព្រៃអាម៉ាហ្សូនរបស់ប្រទេសប្រេស៊ីល បានប្រាប់ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro ថា ពួកគេត្រូវការជាចាំបាច់នូវថវិកាជំនួយទាំងនោះ ដើម្បីយកទៅប្រើប្រាស់ក្នុងកិច្ចប្រឹងប្រែងពន្លត់ភ្លើងព្រៃអាម៉ាហ្សូន ដែលកំពុងឆាបឆេះក្នុងអត្រាគួរឲ្យបារម្ភជាខ្លាំង។
ជាមួយគ្នានេះ មានការបង្ហើបឲ្យដឹងពីប្រភពការទូតប្រេស៊ីលថា រដ្ឋាភិបាលប្រេស៊ីល ទើបតែទទួលយកជំនួយ១២លានដុល្លារ ពីចក្រភពអង់គ្លេស។ ម៉្យាងវិញទៀត ក្រោយពីប្រកាសបដិសេធមិនទទួលយកថវិកាជំនួយពីប្រទេស G7 លោក Bolsonaro បានបញ្ជាក់ជាថ្មីវិញថា លោកអាចពិចារណាទទួលយកលុយប្រមាណជាង២០លានដុល្លារពី G7 ប្រសិនបើប្រធានាធិបតីបារាំង លោក ម៉ាក្រុង លុបចោលការប្រមាថចំពោះលោកវិញ ខណៈមួយរយៈចុងក្រោយនេះ លោក Bolsonaro និងលោក ម៉ាក្រុង បានទាស់ពាក្យសម្តីគ្នាជាខ្លាំង។
គួរជម្រាបថា ព្រៃទាក់ទាញទឹកភ្លៀងអាម៉ាហ្សូន មានសារសំខាន់ជាខ្លាំងសម្រាប់ភពផែនដីយើង ដោយវាមានតួនាទីស្រូបយក ឧស្ម័នកាបូនជាច្រើនហើយផលិតឧស្ម័នអុកស៊ីសែនប្រមាណ ២០ភាគរយ ដែលមានក្នុងបរិយាកាសផែនដី ហើយវាក៏ជាអាវុធដ៏ចាំបាច់មួយផងដែរ ក្នុងការប្រយុទ្ធប្រឆាំង បញ្ហាបម្រែបម្រួលអាកាសធាតុពិភពលោកផងដែរ។ ដូច្នេះហើយការប្រឈមនឹងបញ្ហាភ្លើងឆេះ ក្នុងកម្រិតមិនធ្លាប់មាននាពេលនេះ កំពុងបង្កក្តីព្រួយបារម្ភជាខ្លាំងដល់សហគមន៍អន្តរជាតិទាំងមូល។
តំបន់ព្រៃអាម៉ាហ្សូន គ្របដណ្ដប់លើប្រទេសដូចជា ប្រេស៊ីល, បូលីវី, កូឡុំប៊ី, អេក្វាដ័រ, ដែនដីបារាំងហ្គីយ៉ាណា (French Guiana), ហ្គូយ៉ាណា (Guyana), ប៉េរូ, ស៊ូរីណេម (Suriname) និងប្រទេសវេណេស៊ុយអេឡា ខណៈ៦០ភាគរយ គឺស្ថិតក្នុងប្រទេសប្រេស៊ីល ដែលជាកន្លែងមានករណីឆេះច្រើនជាងគេ៕