(វ៉ាស៊ីនតោន)៖ អាជ្ញាធរឧតុនិយមអាមេរិក បានព្យាករថា ព្យុះត្រូពិច Dorian នឹងប្រែកាយទៅជា ព្យុះ Hurricane នៅពេលដែលវាបក់បោកមកដល់តំបន់ដីគោកនៃរដ្ឋ Florida នៅចុងសប្ដាហ៍ នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០១៩។
យោងតាមអាជ្ញាធរឧតុនិយមអាមេរិក ព្យុះ Dorian កំពុងធ្វើដំណើរឆ្ពោះទៅកាន់កោះជាច្រើន នៃសមុទ្រ Caribbean ហើយវាក៏ត្រូវបានគេរំពឹងផងដែរថានឹងក្លាយជាព្យុះ Hurricane កម្រិត មួយ នៅពេលបក់បោកមកដល់ដែនដី Puerto Rico និងសាធារណរដ្ឋដូមីនិច នៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ (ម៉ោងនៅក្នុងតំបន់)។
គួរបញ្ជាក់ថា ព្យុះ Dorian អាចនឹងបង្កគ្រោះថ្នាក់ ឬការខូចខាតខ្លាំងជាងនៅតំបន់សមុទ្រ Caribbean នៅពេលដែលវាធ្វើដំណើរមកដល់ទីក្រុង Jacksonville និងទីក្រុង West Palm Beach នៃរដ្ឋ Florida នៅចុងសប្ដាហ៍នេះ៕