(ម៉ូស្គូ)៖ ការចុះកិច្ចព្រមព្រៀងទិញយន្ដហោះចម្បាំង Su-57 កាន់តែលទ្ធភាពខ្ពស់ឡើង បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានធ្វើឱ្យប្រធានាធិបតីតួកគី លោក អឺដូហ្គាន់ មានចំណាប់ អារម្មណ៍ចង់បានយន្ដហោះចម្បាំងជំនាន់ទី៥នេះកាន់តែខ្លាំង នៅឯពិធីតាំងពិពណ៌យន្ដហោះចម្បាំង MAKS 2019 នាពេលថ្មីៗនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០១៩។
លោក ពូទីន និងលោក អឺដូហ្គាន់ បានចុះត្រួតពិនិត្យយន្ដហោះចម្បាំង Su-57 ក្រោយមេដឹកនាំទាំង២ បានចូលរួមកម្មវិធី MAKS 2019។ កម្មវិធីនេះរៀបចំឡើងនៅខាងក្រៅទីក្រុងម៉ូស្គូ ជាទីដែលលោក អឺដូហ្គាន់ ផ្ទាល់បានសាកសួរថាតើតួកគីអាចទិញយន្ដហោះចម្បាំងដ៏ទំនើបនេះពីរុស្ស៊ីដែរឬទេ ហើយភ្លាមៗ នោះដែរប្រធានាធិបតីរុស្ស៊ីលោក ពូទីន បានឆ្លើយតបវិញដោយឥតស្ទាក់ស្ទើរដូច្នេះថា៖ «ពិតប្រាកដណាស់ អ្នកអាចទិញវាបាន»។
គួរបញ្ជាក់ថា ដោយសារតែការទិញប្រព័ន្ធមីស៊ីលរុស្ស៊ី S-400 តួកគីត្រូវបានសហរដ្ឋអាមេរិក ដកចេញពី គម្រោងអភិវឌ្ឍយន្ដហោះចម្បាំង F-35។ ប៉ុន្តែទន្ទឹមគ្នាទីក្រុងអង់ការ៉ា ក៏បានព្រមានដែរថាខ្លួនអាចនឹង ទិញយន្ដហោះចម្បាំងរុស្ស៊ី Su-57 ជំនួស F-35 បើទោះជាត្រូវប្រឈមមុខនឹងទណ្ឌកម្មពីសំណាក់ ទីក្រុង វ៉ាស៊ីនតោនក៏ដោយ៕