(តេហេរ៉ង់)៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាស្សាន រួហានី (Hassan Rouhani) នៅថ្ងៃអង្គារនេះ បាននិយាយថា អ៊ីរ៉ង់នឹងមិនចូលរួមក្នុងកិច្ចចរចាជាមួយសហរដ្ឋអាមេរិកជាដាច់ខាត បើទីក្រុងវ៉ាស៊ីនតោន មិនព្រមដកទណ្ឌកម្ម ជាមុនសិនទេនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០១៩។

ថ្លែងនៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍រដ្ឋ លោក រួហានី បានគូសបញ្ជាក់ដូច្នេះថា៖ «អ៊ីរ៉ង់ តែងតែត្រៀមខ្លួនជានិច្ច ដើម្បីចូលរួមក្នុងកិច្ចចរចា។ ប៉ុន្តែបើសហរដ្ឋអាមេរិក មិនព្រមដកទណ្ឌកម្ម ខុសច្បាប់ និងអយុត្តិធម៌ប្រឆាំងអ៊ីរ៉ង់ជាមុនទេ នោះយើងនឹងមិនអាចអង្គុយចរចាជាមួយទីក្រុង វ៉ាស៊ីនតោន បានជាដាច់ខាត»។

គួរជម្រាបថា ការលើកឡើងខាងលើរបស់ប្រធានាធិបតីអ៊ីរ៉ង់ ធ្វើឡើងជាការឆ្លើយតបទៅនឹង លោក ដូណាល់ ត្រាំ ដែលអះអាងថាលោកអាចនឹងជួបជាមួយលោក រួហានី នៅពេលវេលាសក្តិសម ណាមួយ ដើម្បីដោះស្រាយបញ្ហាបច្ចុប្បន្ន រវាងប្រទេសទាំង២។

លោកត្រាំ និងលោក រួហានី នឹងត្រូវចូលរួមកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូយ៉ក សហរដ្ឋអាមេរិក នៅចុងខែកញ្ញាខាងមុខនេះ៕