(តូក្យូ)៖ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Takeshi Iwaya បានអះអាងថាទីក្រុងព្យុងយ៉ាង កំពុងអភិវឌ្ឍក្បាលគ្រាប់មីស៊ីល ដើម្បទុកកម្ទេចប្រព័ន្ធមីស៊ីលការពារដែនអាកាសជប៉ុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០១៩។

បន្ថែមពីលើនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយថ្ងៃអង្គារនេះ លោក Takeshi ក៏បានបញ្ជាក់ដែរ ថាគ្រាប់រ៉ុក្កែតដែលកូរ៉េខាងជើង បានធ្វើតេស្ដជាបន្តបន្ទាប់នាពេលថ្មីៗនេះ គឺជាមីស៊ីលបាលិស្ទីគ រយៈចំងាយខ្លី ទុកសម្រាប់បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរក៏ថាបាន។

គួរបញ្ជាក់ថា កូរ៉េខាងជើង បានធ្វើតេស្ដមីស៊ីលលើកចុងក្រោយបំផុតកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ប៉ុន្តែការបាញ់សាកល្បងមីស៊ីលនេះ កើតឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយកូរ៉េខាងត្បូង លុបចោល កិច្ចព្រមព្រៀងចែករំលែកព័ត៌មានសំងាត់ជាមួយជប៉ុន៕