(សាន់ហ្វ្រាន់ស៊ីស្កូ)៖ អភិបាលក្រុងសាន់ហ្វ្រាន់ស៊ីស្កូនៃសហរដ្ឋអាមេរិក លោកស្រី ឡុនដុន ប្រ៊ីដ (London Breed) នាដើមសប្តាហ៍នេះបានប្រកាសឲ្យដឹងពី កញ្ចប់ថវិកាសរុបចំនួន ៨០៥,០០០ដុល្លារ សម្រាប់ការដំឡើងកន្លែងផ្តល់ទឹកស្អាតតាមរ៉ូប៊ីនេ (Tap Water) បន្ថែមទៀតនៅតាមសួនច្បារ និងសាលារៀន ដើម្បីជំរុញឲ្យមានការទទួលទានទឹកឲ្យបានច្រើនជាងភេសជ្ជៈដែលមានជាតិស្ករ ជាពិសេសគឺក្មេងៗតែម្តង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០១៩។
គម្រោងខាងលើនឹងត្រូវអនុវត្តក្នុងអំឡុងពេល ០២ឆ្នាំ ដោយក្នុងនោះកន្លែងផ្តល់ទឹកស្អាតចំនួន ២២ នឹងដំឡើងនៅតាមសាលា និង ១៤ទីតាំង នឹងដំឡើងនៅតាមសួនច្បារ ព្រមទាំងទីសារធារណៈដទៃទៀត។ លោកស្រីអភិបាលក្រុងសាន់ហ្រ្វាន់ស៊ីស្កូបាននិយាយថា «បើពួកយើងពិតជាប្រាកដប្រជា ក្នុងការជំរុញឲ្យកុមារងាកចេញពីការហូបភេសជ្ជៈមានជាតិផ្អែម ដែលពុំល្អសម្រាប់សុខភាព យើងត្រូវតែខិតខំផ្តល់ជម្រើសដែលល្អឲ្យពួកគេ»។
គួរជម្រាបថា បច្ចុប្បន្នកន្លែងផ្តល់ទឹកស្អាត ដែលអាចទទួលទានបានសរុបមានចំនួន ១០៧ ស្ថិតនៅតាមសាលារៀន និងសួនច្បារទូទាំងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ។ ការជម្រុញបែបនេះ គឺបន្ទាប់ពីមានការស្ទាបស្ទង់ឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ការទទួលទានភេសជ្ជៈនានាមានជាតិផ្អែមជំនួសឲ្យការស្រែកទឹក ហើយដែលទង្វើនេះ យូរៗទៅនឹងបង្កបញ្ហាកាន់តែធ្ងន់ធ្ងរ ដល់សុខភាពរបស់មនុស្សជំនាន់ក្រោយ៕