Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេដឹកនាំអ៊ីរ៉ង់ព្រលយមួយឃ្លា៖ «យើងមិនដែលចង់បានអាវុធនុយក្លេអ៊ែរនោះឡើយ»

27-08-2019 17:16

(តេហេរ៉ង់)៖ ប្រធានាធិបតីអ៊ីរ៉ង់លោក ហាស្សាន រួហានី (Hassan Rouhani) នាថ្ងៃអង្គារនេះបាននិយាយថា ប្រទេសលោកមិនដែលប៉ុនប៉ង ចង់បានអាវុធនុយក្លេអ៊ែរនោះទេ។ លោក Rouhani បានលើកឡើងបែបនេះ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងប្រធានាធិបតីបារាំងលោក ម៉ាក្រុង បានមូលមតិគ្នាថា ទីក្រុងតេហេរ៉ង់មិនអាចមាននុយក្លេអ៊ែរដាច់ខាត។ នេះបើតាមការដក ស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០១៩។

ខណៈដែលលោកបានបញ្ជាក់ថា អ៊ីរ៉ង់មិនដែលចង់បានអាវុធនុយក្លេអ៊ែរ លោក Rouhani បានសង្កត់ធ្ងន់ថា ទីក្រុងតេហេរ៉ង់នឹងបន្តកាត់បន្ថយការគោរពកាតព្វកិច្ចរបស់ខ្លួន នៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ លុះត្រាតែអាមេរិកព្រមដកទណ្ឌកម្មខុសច្បាប់របស់ពួកគេចេញវិញ។

គួរបញ្ជាក់ថា កំឡុងវេទិកាកិច្ចប្រជុំកំពូល G7 នៅឯទីក្រុងប៊ីយ៉ារីត (Biarritz) ប្រទេសបារាំង ក្នុងសប្តាហ៍នេះ បញ្ហាអ៊ីរ៉ង់បានក្លាយជាប្រធានដ៏សំខាន់មួយ ដែលត្រូវបានលើកយកទៅពិភាក្សា។ នាឱកាសនោះលោក ត្រាំ បាននិយាយថា លោកត្រៀមខ្លួនរួចស្រេចក្នុងការជួបគ្នា មួយទល់នឹងមួយជាមួយប្រធានាធីបតីអ៊ីរ៉ង់ ដើម្បីព្យាយាមដោះស្រាយភាពតានតឹងរវាងប្រទេសទាំងពីរ។ យ៉ាងណាមិញលោក Rouhani នៅតែប្រកាន់ជំហរដាច់ខាតថា លោកនឹងមិនចរចាទាំងស្ថិតក្រោមសម្ពាធទណ្ឌកម្ម របស់អាមេរិកនោះឡើយ៕