(ម៉ូស្គូ)៖ យានអវកាសរុស្ស៊ី Soyuz MS-14 ដែលមានផ្ទុកមនុស្សយន្តមួយគ្រឿង នាថ្ងៃអង្គារនេះ បានចូលចតនៅស្ថានីយអវកាស ISS ដោយជោគជ័យ បន្ទាប់ពីមិនអាចធ្វើបានកាលពីចុងសប្តាហ៍មុន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានចិន CGTN នៅរសៀលថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០១៩។

យាន MS-14 ត្រូវបានបាញ់បង្ហោះចេញពីមូលដ្ឋានរុស្ស៊ី ដែលស្ថិតនៅភាគខាងត្បូងប្រទេសកាហ្សាក់ស្ថាន កាលពីថ្ងៃព្រហស្បតិ៍​សប្តាហ៍មុន ដើម្បីនាំយកមនុស្សយន្តមួយគ្រឿងឈ្មោះ Fedor (Final Experimental Demonstration Object Research) ទៅស្ថានីយ ISS។ Fedor មានទំហំប៉ុនមនុស្សពេញវ័យ និងមានសមត្ថភាពអាចធ្វើសកម្មភាព តាមមនុស្សបញ្ជាបាន ពោលគឺគេពាក់គ្រឿងឧបករណ៍ ដើម្បីបញ្ជាឲ្យវាធ្វើកាយវិការតាម។

យានអវកាសរុស្ស៊ីតាមពិតត្រូវចូលចតនៅស្ថានីអវកាសអន្តរជាតិ ISS កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ប៉ុន្តែបញ្ហាបានកើតមាន ដែលជាហេតុត្រូវលុបចោលការព្យាយាមចូលចតនាពេលនោះ ហើយលើកមកថ្ងៃអង្គារនេះវិញ ដែលវាបានប្រព្រឹត្តទៅដោយជោគជ័យ។ មនុស្សយន្ត Fedor គឺជាមនុស្សយន្តដំបូងគេ ដែលរុស្ស៊ីបានបញ្ជូនឡើងទីអវកាស។ វានឹងស្នាក់នៅក្នុងស្ថានីយ ISS រហូតដល់​ថ្ងៃទី០៧ ខែកញ្ញា ដើម្បីរៀនជួយការងារក្រុមអវកាសយានិកនៅទីនោះ។

គួរជម្រាបថា Fedor មិនមែនជាមនុស្សយន្តហោះដំបូងគេលើលោក ដែលបានឡើងទៅទីអវកាសឡើយ។ កាលពីឆ្នាំ២០១១ ទីភ្នាក់ងារអវកាសអាមេរិក NASA ក៏បានបញ្ជូនមនុស្សយន្តមួយដែរឈ្មោះ Robonaut 2 ដែលវាបានត្រឡប់ចុះមកផែនដីវិញនៅឆ្នាំ​២០១៨ ក្រោយមានបញ្ហា។ រីឯកាលពីឆ្នាំ២០១៣ ជប៉ុនបានបញ្ជូនមនុស្សយន្តតូចមួយគ្រឿងឈ្មោះ Kirobo ទៅស្ថានីយ ISS៕