(វ៉ាស៊ីនតោន)៖ កុមារពីរនាក់បានស្លាប់ និងមនុស្ស ១០នាក់ផ្សេងទៀត ក្នុងនោះរួមមានទាំងកុមារផងដែរ នៅក្នុងហេតុការណ៍ជនសង្ស័យម្នាក់លួចឡានប៉ូលិស បើកទៅបុករថយន្ដនៅចតស្ងៀមជាច្រើនគ្រឿង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០១៩។

ហេតុការណ៍ដ៏រន្ធត់ខាងលើកើតឡើងនៅក្នុងទីក្រុង ដេយតុន (Dayton) នៃរដ្ឋអូហៃយ៉ូ (Ohio) សហរដ្ឋអាមេរិកនៅម៉ោង ៧៖៣០នាទីយប់ថ្ងៃចន្ទ (ម៉ោងក្នុងតំបន់)។ ដោយឡែកបើតាមប៉ូលិស ជនសង្ស័យដែលបានចាក់ស្រ្តីម្នាក់ឱ្យរបួស បានលួចរថយន្ដប៉ូលិសមួយគ្រឿង ដើម្បីគេចខ្លួនពីការតាមចាប់ ប៉ុន្តែក្នុងពេលនោះដែរ រូបគេស្រាប់តែបើករថយន្តប៉ូលិសនេះទៅបុករថយន្ដចំនួន ០៣គ្រឿងនៅ ចតស្ងៀមក្នុងនោះរួមទាំងរថយន្ដវែនមួយគ្រឿងដែលដឹកកុមារ ០៧នាក់ផងដែរ។

គួរបញ្ជាក់ថា បុរសជាជនសង្ស័យលួចរថយន្ដប៉ូលិសដែលត្រូវបានចាប់ខ្លួន ក៏ស្ថិតនៅក្នុងចំណោមអ្នករងរបួសទាំង ១០នាក់ដែរ ប៉ុន្តែអត្តសញ្ញាណរបស់គេ មិនទាន់ត្រូវបានគេឱ្យដឹងនៅឡើយទេ៕