(ប៉េកាំង)៖ ប្រទេសអ៊ីរ៉ង់ និងចិនចាំបាច់ត្រូវតែរួមកម្លាំងគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងគំនិតបែបឯកតោភាគី និងទង្វើរំលោភបំពានលើច្បាប់អន្តរជាតិ។ នេះជាសម្ដីរបស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០១៩។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក ម៉ូហាំម៉េដ ហ្សាវ៉ាដ ហ្សារីហ្វ (Mohammad Javad Zarif) ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី នៅឯទីក្រុងប៉េកាំងនៅថ្ងៃចន្ទសប្ដាហ៍នេះ ខណៈអ៊ីរ៉ង់កំពុងស្វែងរកការគាំទ្រពីចិន បន្ទាប់ពីថ្នាក់ដឹកនាំ G7 ហាក់ដូចជាមិនអើពើសោះ ចំពោះសំណើរបស់ទីក្រុងតេហេរ៉ង់ ក្នុងការលុបចោលការដាក់ទណ្ឌកម្មប្រេង ជាថ្នូរនឹងការថែរក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។
នាឱកាសនោះលោក Zarif បានគូសបញ្ជាក់ដូច្នេះថា «គំនិតឯកតោភាគីកំពុងកើនឡើង ហើយការបដិសេធច្បាប់អន្តរជាតិ មិនមែនមានន័យត្រឹមតែការមិនគោរពច្បាប់អន្តរជាតិនោះទេ ប៉ុន្តែវាគឺជាចេតនាបំផ្លាញច្បាប់អន្តជាតិតែម្ដង... ដូច្នេះយើងត្រូវតែរួមកម្លាំងគ្នាឡើង»។
គួរបញ្ជាក់ថា ថ្វីបើលោករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានបានបញ្ជាក់ចំៗឈ្មោះក៏ដោយ តែគេអាចស្មានដឹងថា អ្វីដែលលោកបានលើកឡើងគឺចង់សំដៅលើសហរដ្ឋអាមេរិក ជាពិសេសគឺរដ្ឋបាលប្រធានាធិបតីលោក ដូណាល់ ត្រាំ៕