(ប៉េកាំង)៖ រូបភាពថ្មីៗដែលទើបលេចឡើងបានបង្ហាញថា ការសាងសង់នាវាដឹកឧទ្ធម្ភាគចក្រដំបូងគេបំផុតរបស់ចិន ជិតបញ្ចប់រួចរាល់ជាស្ថាពរហើយ ដោយវាអាចនឹងត្រូវដាក់ដំណើរការនៅលើផ្ទៃទឹកបាន នៅក្នុងឆ្នាំនេះតែម្តង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០១៩។
បច្ចុប្បន្ននាវាផ្ទុកឧទ្ធម្ភាគចក្រយោធាចិនហៅថា Type 075 កំពុងស្ថិតក្រោមការសាងសង់នៅមូលដ្ឋានសាងសង់កប៉ាល់ ហ៊ូតុង ចុងហ័រ (Hudong-Zhonghua) ក្នុងទីក្រុងសៀងហៃ ខណៈបើតាមរូបភាពថ្មីៗនៅលើបណ្តាញសង្គម រូបរាងរបស់វាគឺជិតពេញលក្ខណៈហើយ សម្រាប់ការត្រៀមដាក់ដំណើរការនៅលើផ្ទៃទឹក។
នាវាយោធា Type 075 នេះ ត្រូវគេរំពឹងថា អាចសាងសង់ឡើងយ៉ាងហោចណាស់ពីរគ្រឿងទៀត ខណៈវាស្ថិតក្នុងប្រភេទនាវាយោធា អំហ្វីប៊ីយ៉ូស (Amphibious Assault) របស់ចិន ដែលមានសមត្ថភាព បញ្ចេញកងទ័ពរាប់ពាន់នាក់ រួមជាមួយសព្វាវុធជាច្រើនគ្រឿងទៀត ទៅវាយប្រហារនៅតាមតំបន់ដែលជាប់ផ្ទៃសមុទ្រ។ នាវា Amphibious Assault ស៊េរីមុនគឺ Type 071 ដែលចិនមាន ០៨គ្រឿង។
ចំណុចខុសគ្នារវាងនាវា Amphibious Assault Type 075 និង Type 071 គឺត្រង់ថា Type 075 មានផ្នែកខាងលើរាបស្មើយ៉ាងទូលាយតែម្តង ហើយផ្ទុកឧទ្ទម្ភាគចក្របានច្រើនគ្រឿង ហើយធ្ងន់ជាងគឺចន្លោះពី ៣០,០០០-៤០,០០០តោន ខណៈនាវា Type 071 មានរូបរាងដូចនាវាចម្បាំង ដែលអាចស្តុកឧទ្ធម្ភាគចក្របានប្រហែល ០២គ្រឿងនៅផ្នែកខាងក្រោយ និងមានទម្ងន់ខ្ទង់ ២៥,០០០តោន។
គួរជម្រាបថា សម្រាប់នាវាដឹកយន្តហោះចម្បាំងវិញ បច្ចុប្បន្នចិនមាន ០២គ្រឿង គឺឈ្មោះ Liaoning និង Type 001។ ពួកវាមានទម្ងន់ ៥៨,០០០-៦៨,០០០តោន ហើយអាចផ្ទុកយន្តហោះចម្បាំងបាន ៤០គ្រឿង។ នាវាផ្ទុកយន្តហោះចម្បាំងចិនមួយគ្រឿងទៀត ក៏ត្រូវគេជឿជាក់ថា កំពុងស្ថិតក្រោមការសាងសង់នៅសៀងហៃដែរ៕