(ប៊ីយ៉ារីត)៖ ក្រុមមេដឹកនាំប្រទេស G7 បានអំពាវនាវឱ្យមានការរក្សាភាពអត់ធ្មត់ ក៏ដូចជាបង្ហាញការគាំទ្រផងដែរដល់ស្វ័យភាពរបស់ទីក្រុងហុងកុង ដែលមានចែងនៅក្រោមកិច្ចព្រមព្រៀងឆ្នាំ១៩៨៤ រវាងអង់គ្លេស និងចិន។ នេះបើតាមសេចក្ដីថ្លែងការណ៍រួម ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០១៩។
សេចក្ដីថ្លែងការណ៍រួមដដែល ដែលបានចេញផ្សាយនៅថ្ងៃចន្ទសប្ដាហ៍នេះ ក្រោយកិច្ចប្រជុំ G7 ក្នុងទីក្រុង ប៊ីយ៉ារីត (Biarritz) ប្រទេសបារាំងបានបញ្ជាក់យ៉ាងដូច្នេះថា «បណ្ដាប្រទេស G7 បានទទួលស្គាល់ពីអត្ថិភាព និងសារៈសំខាន់នៃកិច្ចព្រមព្រៀងអង់គ្លេស-ចិន ឆ្នាំ១៩៨៤ ស្ដីពីទីក្រុងហុងកុង និងអំពាវនាវឱ្យមានការរក្សាភាពស្ងប់ស្ងាត់ ព្រមទាំងបញ្ចៀសរាល់អំពើហិង្សាទាំងឡាយ»។
គួរបញ្ជាក់ថា បណ្ដាប្រទេស G7 រួមមានអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងសហរដ្ឋអាមេរិក ក៏បានបង្ហាញពីក្ដីព្រួយបារម្ភជុំវិញស្ថានភាពបច្ចុប្បន្ន នៅក្នុងទីក្រុងហុងកុងផងដែរ បន្ទាប់ពីបាតុកររាប់សិបនាក់ ក្នុងនោះរួមមានយុវជនអាយុ ១២ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួន ហើយប៉ូលិស ២១នាក់បានរងរបួស ក្រោយការប៉ះទង្គិចគ្នាដោយហិង្សាកាលពីចុងសប្ដាហ៍កន្លងទៅ។ ដោយឡែកនៅថ្ងៃអង្គារនេះ អភិបាលក្រុងហុងកុង លោកស្រី ខារី ឡាំ បានហៅស្ថានការណ៍បច្ចុប្បន្ននេះថា កាន់តែអាក្រក់ខ្លាំងឡើងៗ៕