(បារាំង)៖ ភ្លើងឆេះព្រៃ Amazon បានក្លាយជាប្រធានបទក្តៅគគុកនាពេលបច្ចុប្បន្ននេះ ដោយប្រទេសប្រេស៊ីលបាននិងកំពុងទទួលរងការដាក់សម្ពាធ ឲ្យព្យាយាមពន្លត់ភ្លើងឆេះព្រៃ ដ៏អាក្រក់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រនេះឲ្យបាន ខណៈមហាអំណាចសេដ្ឋកិច្ចកំពូល G7 ដែលបានជួបប្រជុំគ្នានៅប្រទេសបារាំងនោះ បានសន្យាបរិច្ចាគថវិកា ២០លានដុល្លារអាមេរិក ដើម្បីជួយដល់សកម្មភាពពន្លត់ភ្លើងព្រៃ ដែលបាននិងកំពុងកើតមានធ្ងន់ធ្ងរជាងគេនៅប្រេស៊ីល និងបូលីវី។ នេះបើតាមការចេញផ្សាយដោយ TRT World នាយប់ថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០១៩។
ក្រៅពីទឹកប្រាក់ ២០លានដុល្លារខាងលើនេះ មេដឹកនាំប្រទេសកំពូលៗ G7 មានដូចជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ, អធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែឡា មើគែល និងប្រធានាធិបតីបារាំងលោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង ជាដើមបានសន្យាថា នឹងបង្កើនកិច្ចខិតខំប្រឹងប្រែងជាលក្ខណៈអន្តរជាតិ ដើម្បីការពារព្រៃគំរបទឹកភ្លៀង និងជាសួតដកដង្ហើមរបស់ភពផែនដីនេះឲ្យមានសុវត្ថិភាព។
គួរបញ្ជាក់ថា ប្រទេសអង់គ្លេសដាច់ដោយឡែកប៉ុណ្ណោះ ក៏បានសន្យាផ្តល់ទឹកប្រាក់ជាង ១២លានដុល្លារអាមេរិកផងដែរ ទៅដល់បេសកកម្មពន្លត់ភ្លើងឆេះព្រៃ Amazon។ ព្រៃ Amazon គ្របដណ្ដប់លើប្រទេសដូចជា ប្រេស៊ីល, បូលីវី, កូឡុំប៊ី, អេក្វាដ័រ, ដែនដីបារាំងហ្គីយ៉ាណា (French Guiana), ហ្គូយ៉ាណា (Guyana), ប៉េរូ, ស៊ូរីណេម (Suriname) និងប្រទេសវេណេស៊ុយអេឡា។ ប៉ុន្តែព្រៃដែលគេចាត់ទុកថា ជាសួតរបស់ភពផែនដីមួយនេះ គ្របដណ្ដប់លើប្រទេស Brazil ជាង ៦០ភាគរយឯណោះ ហើយកន្លែងដែលឆេះច្រើនជាងគេ ក៏ស្ថិតនៅប្រេស៊ីលផងដែរ៕