(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានសន្យានៅថ្ងៃចន្ទនេះថា ទីក្រុងឡុងដ៍ នឹងផ្ដល់ជំនួយ ១២.៣លានដុល្លារ ដើម្បីជួយស្រោចស្រង់ព្រៃអាម៉ាហ្សូន (Amazon) ឡើងវិញ ខណៈ ប្រទេសប្រេស៊ីលកំពុងតស៊ូប្រយុទ្ធនឹងអណ្ដាតភ្លើងឆេះព្រៃ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០១៩។
ជាមួយគ្នានោះដែរ បើតាមសេចក្ដីថ្លែងការណ៍មួយរបស់រដ្ឋាភិបាលអង់គ្លេស ចេញផ្សាយនៅឯកិច្ចប្រជុំ កំពូល G7 ក្នុងទីក្រុង Biarritz ប្រទេសបារាំង ជំនួយខាងលើនឹងត្រូវបានប្រើប្រាស់ជាបន្ទាន់ដើម្បីជួយ ស្រោចស្រង់ព្រៃអាម៉ាហ្សូន ព្រមទាំងតំបន់ដែលរងការបំផ្លិចបំផ្លាញដោយសារភ្លើងឆេះព្រៃផងដែរ។
គួរជម្រាបថា ព្រៃអាម៉ាហ្សូន គ្របដណ្ដប់លើប្រទេសដូចជា Brazil, Bolivia, Colombia, Ecuador, French Guiana, Guyana, Peru, Suriname និងប្រទេស Venezuela។ ប៉ុន្តែ ព្រៃដែលគេចាត់ទុក ថាជាសួតរបស់ភពផែនដីមួយនេះ គ្របដណ្ដប់លើប្រទេស Brazil ជាង៦០ភាគរយ ឯណោះ៕