(ម៉ិចស៊ីកូស៊ីធី)៖ នាថ្ងៃអាទិត្យ (ពេលវេលានៅម៉ិចស៊ីកូ) ភ្នំភ្លើងឈ្មោះ Popocatepetl របស់ប្រទេសម៉ិចស៊ីកូ បានផ្ទុះដល់ទីពីរលើក ដែលបណ្តាលឲ្យកម្អែរផេះ ផ្សែង និងឧស្ម័ន ហុយឡើងទៅលើផ្ទៃអាកាសកម្ពស់ជាង១.៥គីឡូម៉ែត្រ។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានរុស្ស៊ី RT នៅរសៀលថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០១៩។
អាជ្ញាធរម៉ិចស៊ីកូបានណែនាំឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសអ្នកដែលនៅតំបន់ជុំវិញភ្នំភ្លើង ក្រោយវាបានផ្ទុះឡើងកាលពី វេលាព្រឹកនិងយប់ថ្ងៃអាទិត្យ។ ភ្នំភ្លើងនេះ មានទីតាំងស្ថិតនៅចម្ងាយ៧០គីឡូម៉ែត្រពីរដ្ឋធានីម៉ិចស៊ីកូស៊ីធីរបស់ម៉ិចស៊ីកូ។ ក្រោយមិនមានសកម្មភាពអស់រយៈពេលរាប់ទសវត្សរ៍ ភ្នំភ្លើង Popocatepetl បានចាប់ផ្តើមផ្ទុះឡើង តាំងតែពីឆ្នាំ១៩៩៤មក ខណៈក្នុងឆ្នាំ២០១៩នេះ គឺធ្លាប់បានផ្ទុះប៉ុន្មានដងរួចទៅហើយ។
គួរជម្រាបថា ភ្នំភ្លើងម៉ិចស៊ីកូមួយនេះ ត្រូវគេចាត់ទុកជាភ្នំភ្លើងដ៏គ្រោះថ្នាក់បំផុតមួយនៅលើពិភពលោក ដោយសារតែនៅចម្ងាយ១០០គីឡូម៉ែត្រជុំវិញនោះ គឺមានប្រជាជនម៉ិចស៊ីកូរស់នៅសរុបប្រមាណ២៥លាននាក់៕