(វ៉ាស៊ីនតោន)៖ លោក ដូណាល់ ត្រាំ មានសិទ្ធិអំណាចបង្គាប់ឱ្យបណ្ដាក្រុមហ៊ុនអាមេរិកចាកចេញ ពីប្រទេសចិន តាមរយៈការប្រកាសពីភាពអាសន្ន ក្នុងនាមជាប្រធានាធិបតីអាមេរិក។ នេះបើតាម រដ្ឋមន្ត្រីរតនាគារជាតិអាមេរិក ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០១៩។
ថ្លែងប្រាប់អ្នកសារព័ត៌មានពាក់ព័ន្ធនឹងសារបង្ហោះនៅលើ Twitter របស់លោក ដូណាល់ ត្រាំ រដ្ឋមន្ត្រីរតនាគារជាតិអាមេរិក លោក Steven Mnuchin បានគូសបញ្ជាក់ដូច្នេះថា៖ «គាត់ (លោក ត្រាំ) មិនទាន់ប្រកាសពីភាពអាសន្នណាមួយឡើយ...ប៉ុន្តែគាត់អាចនឹងប្រកាសពី ភាពអាសន្នមួយឡើងក្នុងករណីចាំចាច់ ហើយគាត់មានសិទ្ធិអំណាចធ្វើដូចនេះ»។
គួរបញ្ជាក់ថា ការលើកឡើងរបស់ លោក Steven Mnuchin ធ្វើឡើងឆ្លើយតបនឹងសំណួ អ្នកសារព័ត៌មាន បន្ទាប់ពីលោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យកន្លងទៅបានសរសេរសារមួយ បង្ហោះលើ Twitter ថា បានបង្គាប់ក្រុមហ៊ុនអាមេរិកពិចារណាចាកចេញពីប្រទេសចិន ហើយ មកបង្កើតរោងចក្រផលិត ផលិតផលរបស់ខ្លួននៅក្នុងសហរដ្ឋអាមេរិកវិញ៕