Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សហរដ្ឋអាមេរិក គាំទ្រការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែល នៅស៊ីរី

26-08-2019 11:59

(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បាននិយាយថាលោកគាំទ្រ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែល នៅក្នុងប្រទេសស៊ីរី ព្រោះវាគឺជាសិទ្ធិការពារខ្លួន ដោយស្របច្បាប់ ពីការគំរាមកំហែងណាមួយពីសំណាក់អ៊ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០១៩។

លោក ប៉ុមប៉េអូ ធ្វើការកត់សម្គាល់ខាងលើក្នុងសារមួយបង្ហោះលើ Twitter កាលពីថ្ងៃអាទិត្យ (ម៉ោងនៅវ៉ាស៊ីនតោន) និងបន្ទាប់ពីយោធាអ៊ីស្រាអែល បានទទួលស្គាល់ថាខ្លួនបានបើកការ វាយប្រហារនៅក្នុងទឹកដីស៊ីរី។ លោក ប៉ុមប៉េអូ បានលើកឡើងដូច្នេះថា៖«នៅថ្ងៃនេះ ខ្ញុំបាន
ជជែកជាមួយលោកនាយករដ្ឋមន្ត្រី Netanyahu ហើយខ្ញុំសូមសម្ដែងការគាំទ្រចំពោះសិទ្ធិការពារ ខ្លួនស្របច្បាប់របស់អ៊ីស្រាអែល ក្នុងការវាយប្រហារលើមូលដ្ឋានយោធាអ៊ីរ៉ង់នៅស៊ីរី ដើម្បីទប់ស្កាត់ ឬបំផ្លាញផែនការប្រឆាំងនឹងអ៊ីស្រាអែល»។

គួរជម្រាបថា កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន អ៊ីស្រាអែល បានបើកការវាយប្រហារលើមូលដ្ឋាន យោធាអ៊ីរ៉ង់ជាច្រើន កន្លែងនៅក្នុងប្រទេសស៊ីរី ក្នុងគោលបំណងបំផ្លាញសំបុកយន្ដហោះដ្រូន ដែលកងកម្លាំង អ៊ីរ៉ង់ទុកប្រើប្រាស់ដើម្បីវាយប្រហារលើអ៊ីស្រាអែល។

ប៉ុន្តែខាងយោធាស៊ីរី មិនបានបញ្ជាក់លម្អិតពីការខូចខាត ឬជនរងគ្រោះណាម្នាក់ឡើយ ដោយគ្រាន់តែទទួលស្គាល់ថាខ្លួនចាប់បានសញ្ញាមីស៊ីល របស់សត្រូវបាញ់ចេញពីតំបន់ Golan ឆ្ពោះមកកាន់តំបន់ក្បែររដ្ឋធានីដាម៉ាស់៕