(ប៉ារីស)៖ ប៉ូលិសបារាំង បានចាប់ឃាត់ខ្លួនមនុស្ស ១៩នាក់ ដែលមានជាប់ពាក់ព័ន្ធនឹងបាតុកម្មតវ៉ាក្បែរ កន្លែង រៀបចំ កិច្ចប្រជុំកំពូល G7 ដែលបាន និងកំពុងប្រព្រឹត្តទៅនៅឯទីក្រុង Biarritz ប្រទេសបារាំង។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ ២០១៩។
ការសែតខាងលើ បានធ្វើការកត់សំគាល់ថា មនុស្ស ១៧នាក់ក្នុងចំណោមពួកគេ ត្រូវបានអាជ្ញាធរចាប់ឃាត់ខ្លួន កាលពីថ្ងៃអាទិត្យ កន្លងទៅ គឺភាគច្រើនបណ្តាលមកពី បាតុករទាំងនោះ កាន់កាប់អាវុធក្នុងដៃ និងបានប្រើ អំហិង្សាប្រឆាំងមន្ត្រីអនុវត្តច្បាប់។
ជំវិញរឿងនេះដែរ បើតាមសារព័ត៌មាន Aljazeera មានមនុស្សរាប់ពាន់នាក់ បានចុះដើរដង្ហែរក្បួនតាមផ្លូវ ដើម្បីធ្វើបាតុកម្ម និងសម្តែងការមិនពេញចិត្តចំពោះមេដឹកនាំនៃបណ្តាប្រទេសសេដ្ឋកិច្ចនាំមុខ ដែលហៅកាត់ថា G7 ដែលកំពុងមានវត្តមានក្នុងប្រទេសបារាំង។ ពួកគេបានអំពាវនាវឱ្យមានសកម្មភាព ការពារអាកាសធាតុ ជាបន្ទាន់ ព្រមទាំងបានចោទប្រកាន់មេដឹកនាំពិភពលោកទាំងនោះថាបានបង្កឱ្យមានវិសមភាពសង្គមកាន់ខ្លាំង ឡើងៗ ទៀតផង។
គួរជម្រាបថា កិច្ចប្រជុំកំពូល G7 នៅឯទីក្រុង ប្រទេសបារាំង ដែលត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែសីហា ដំណើរការទៅអមដោយបាតុកម្មតវ៉ាជាច្រើន រហូតដល់ពេលខ្លះ មន្រ្តីអនុវត្តច្បាប់បានឆ្លើយតប ជាមួយកាណុងបាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែក លើហ្វូងបាតុករ៕