Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ៊ីស្រាអែល វាយប្រហារយ៉ាងសន្ធាប់លើសំបុកយន្ដហោះដ្រូនអ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី

26-08-2019 09:08

(អ៊ីស្រាអែល)៖ អ៊ីស្រាអែល បានបើកការវាយប្រហារលើមូលដ្ឋានយោធាអ៊ីរ៉ង់ជាច្រើន កន្លែងនៅក្នុងប្រទេសស៊ីរី ក្នុងគោលបំណងបំផ្លាញសំបុកយន្ដហោះដ្រូន ដែលកងកម្លាំង អ៊ីរ៉ង់ទុកប្រើប្រាស់ដើម្បីវាយប្រហារលើអ៊ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០១៩។

យោងតាមយោធាអ៊ីស្រាអែល ការវាយប្រហារតាមផ្លូវអាកាសខាងលើ ធ្វើឡើងកាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅ ដោយមានគោលដៅលើមូលដ្ឋានយោធាអ៊ីរ៉ង់នៅក្នុងតំបន់ Aqraba ស្ថិតនៅភាគអាគ្នេយ៍រដ្ឋធានីដាម៉ាស់។ ប៉ុន្តែខាងយោធាស៊ីរី មិនបានបញ្ជាក់លម្អិតពីការ ខូចខាត ឬជនរងគ្រោះណាម្នាក់ឡើយ ដោយគ្រាន់តែទទួលស្គាល់ថាខ្លួនចាប់បានសញ្ញាមីស៊ីល របស់សត្រូវបាញ់ចេញពីតំបន់ Golan ឆ្ពោះមកកាន់តំបន់ក្បែររដ្ឋធានីដាម៉ាស់។

គួរបញ្ជាក់ថា អ៊ីសា្រអែល ត្រូវបានគេជឿជាក់ថាបានដឹកនាំការវាយប្រហារតាមផ្លូវអាកាស រាប់រយលើកនៅក្នុងប្រទេសស៊ីរី ចាប់តាំងពីសង្រ្គាមផ្ទុះឡើងនៅឆ្នាំ២០១១មក ហើយការ ទទួលស្គាល់ការវាយប្រហារខាងលើគឺជារឿងដ៏កម្របំផុត៕