(បង់ក្លាដែស)៖ ថ្ងៃអាទិត្យនេះ ជនជាតិរ៉ូហ៊ីងយ៉ាប្រមាណ២០០,០០០នាក់ បានប្រមូលផ្តុំគ្នាទាំងកណ្តាលកម្តៅថ្ងៃ នៅឯជំរំភៀសខ្លួន ក្នុងប្រទេសបង់ក្លាដែស ដើម្បីរំលឹកខួបពីរឆ្នាំគិតចាប់តាំងតែពី ពួកគេបានរត់គេចខ្លួនពីការបង្រ្កាបយ៉ាងហិង្សា ដោយយោធារបស់​ប្រទេសមីយ៉ាន់ម៉ានៅរដ្ឋ Rakhine។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃអាទិត្យ ទី២៥ ខែសីហា ឆ្នាំ២០១៩។

ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ គឺជាថ្ងៃដែលក្រុមសកម្មប្រយុទ្ធរ៉ូហ៊ីងយ៉ា បានធ្វើសកម្មភាពវាយប្រហារទៅលើប៉ុស្តិ៍យាមកាមរបស់​ប៉ូលិសមីយ៉ាន់ម៉ាជាច្រើនកន្លែងនៅរដ្ឋ Rakhine ជាប់នឹងប្រទេសបង់ក្លាដែស ដែលបណ្តាលឲ្យកម្លាំងសន្តិសុខមីយ៉ាន់ម៉ា១២នាក់ បាត់បង់ជីវិត។

ចាប់តាំងពីពេលនោះមក យោធាមីយ៉ាន់ម៉ាក៏បានដឹកនាំយុទ្ធនាការឆ្លើយតបទៅវិញ។ បើទោះបីជាកងទ័ពមីយ៉ាន់ម៉ាអះអាងថា ខ្លួនមានគោលដៅតែទៅលើក្រុមសកម្មប្រយុទ្ធរ៉ូហ៊ីងយ៉ាក៏ដោយក្តី ប្រជាជនរ៉ូហ៊ីងយ៉ាបានបញ្ជាក់ថា យោធានិងក្រុមប្រជាពលរដ្ឋ ដែល​ជាពុទ្ធសាសនិកនៅរដ្ឋ Rakhine បានធ្វើសកម្មភាពបង្រ្កាបយ៉ាងហិង្សាទៅលើជនជាតិមូស្លីមរ៉ូហ៊ីងយ៉ាជារួមតែម្តង។

គួរជម្រាបថា តាំងតែពីថ្ងៃនោះមក ជនជាតិរ៉ូហ៊ីងយ៉ាសរុបប្រហែល៧៤០,០០០នាក់ បាននាំគ្នាចាកចេញពីរដ្ឋ Rakhine ហើយមកចូលរួមជាមួយ ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាងប្រមាណ២០០,០០០នាក់ ដែលបានរត់គេចខ្លួនមុនពេលនោះទៅទៀត នៅតាមតំបន់ជំរំភៀសខ្លួន ដែលស្ថិតនៅភាគអាគ្នេយ៍ប្រទេសបង់ក្លាដែស។

បើតាមការបញ្ជាក់របស់នាយករដ្ឋមន្រ្តីបង់ក្លាដែស លោកស្រី Sheikh Hasina កាលពីខែកញ្ញា ឆ្នាំ២០១៨ ប្រទេសលោកស្រី បានទទួលជនជាតិរ៉ូហ៊ីងយ៉ាសរុបជាង១លាននាក់ឲ្យជ្រកកោន។ មកទល់ពេលនេះ មិនទាន់មានការធ្វើមាតុភូមិនិវត្តន៍ទៅវិញឡើយ ខណៈជនភៀសខ្លួនរ៉ូហ៊ីងយ៉ាង ពុំទាន់ទទួលបានការធានាសុវត្ថិភាពទាំងស្រុង ពីសំណាក់មីយ៉ាន់ម៉ា ដោយពួកគេនៅតែមានក្តីព្រួយបារម្ភ ហើយមិនហ៊ាន​ត្រឡប់ទៅវិញ ទោះពេលវេលាពីរឆ្នាំបានកន្លងផុតទៅក៏ដោយ៕