(ប៉េកាំង)៖ ព្យុះទីហ្វុងថ្មីឈ្មោះថា Bailu បានធ្វើដំណើរមកដល់ខេត្ត Fujian ភាគអាគ្នេយ៍ប្រទេសចិន កាលពីព្រឹកថ្ងៃអាទិត្យនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអាទិត្យ ទី២៥ ខែសីហា ឆ្នាំ២០១៩។
ជាការត្រៀមខ្លួន កាលពីថ្ងៃសៅរ៍ អាជ្ញាធរចិនបានប្រកាសអាសន្នកម្រិតបង្គួរសម្រាប់ព្យុះទីហ្វុងខាងលើ ដោយមនុស្សជាង១៤,០០០នាក់ ត្រូវបានជម្លៀសទៅកាន់ទីសុវត្ថិភាព ហើយទូកនិងកប៉ាល់នេសាទជិត១០,០០០គ្រឿង ត្រូវបានហៅឲ្យចូលចតនៅកំពង់ផែវិញ នៅខេត្ត Fujian។
គួរជម្រាបថា Bailu ដែលជាព្យុះទីហ្វុងទី១១ក្នុងឆ្នាំនេះ បានបោកបក់មកដល់ប្រទេសចិន ជាមួយកម្លាំងខ្យល់ល្បឿន ៩០គីឡូម៉ែត្រក្នុងមួយម៉ោង។ បើតាមការព្យាករណ៍វានឹងឆ្ពោះទៅរកខេត្តមួយចំនួន រួមមាន Guangdong, Jiangxi និង Hunan មុនពេលវារំសាយឥទ្ធិពល។
កាលពីប៉ុន្មានសប្តាហ៍មុន ខេត្ត Zhejiang និងខេត្តមួយចំនួនទៀត នៅភាគខាងកើតចិន ទើបតែទទួលរងការវាយប្រហារពី ព្យុះទីហ្វុងកំណាចមានឈ្មោះថា Lekima ដែលបានផ្តាច់ជីវិតមនុស្សយ៉ាងហោចណាស់៥៦នាក់ និងបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ៕