(ឡុងដ៍)៖ កងទ័ពជើងទឹករបស់អង់គ្លេស បានឲ្យដឹងថា នាវាចម្បាំងមួយគ្រឿងទៀតគឺ HMS Defender នឹងត្រូវធ្វើប្រតិបត្តិការនៅ ច្រកសមុទ្រ Hormuz ក្រោមក្របខណ្ឌនៃបេសកកម្មល្បាតតំបន់នោះ ដែលផ្តួចផ្តើមឡើងដោយសហរដ្ឋអាមេរិក។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃអាទិត្យ ទី២៥ ខែសីហា ឆ្នាំ២០១៩។
រដ្ឋមន្រ្តីការពារជាតិអង់គ្លេស លោក Ben Wallance បានបញ្ជាក់ថា នាវាចម្បាំង HMS Defender នឹងចូលរួមចំណែករក្សាការពារ សេរីភាពនៃការធ្វើនាវាចរណ៍នៅច្រកសមុទ្រ Hormuz ជាមួយដៃគូអន្តរជាតិដទៃទៀត បន្ថែមពីលើនាវាចម្បាំង០២គ្រឿងរបស់ខ្លួន ដែលនៅតំបន់នោះស្រាប់ គឺ HMS Kent និង HMS Montrose។
គួរជម្រាបថា បេសកកម្មល្បាតដែនសមុទ្រនៅមជ្ឈិមបូព៌ា ត្រូវបានផ្តួចផ្តើមឡើងដោយអាមេរិក កាលពីខែមុន បន្ទាប់ពីអ៊ីរ៉ង់បានរឹបអូសកប៉ាល់ដឹកប្រេងអង់គ្លេសមួយគ្រឿង ខណៈវាទំនងជាការសងសឹកចំពោះទង្វើរបស់អង់គ្លេស ដែលបានចាប់ឃាត់ទុក កប៉ាល់ដឹកប្រេងមួយគ្រឿងរបស់អ៊ីរ៉ង់ដែរ។ យ៉ាងណាមិញ កប៉ាល់ដឹកប្រេងអ៊ីរ៉ង់ទើបតែត្រូវបានអង់គ្លេសដោះលែងវិញ។ មកទល់ពេលនេះ មានតែអង់គ្លេសនិងអូស្រ្តាលីប៉ុណ្ណោះ ដែលបានស្ម័គ្រចិត្តចូលរួមក្នុងបេសកកម្មរបស់សហរដ្ឋអាមេរិក៕