(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី២៤ ខែសីហា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ប្រមុខកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ នាយឧត្ដមសេនីយ លោក Hossein Salami បានអះអាងថាយោធា របស់ខ្លួនបានបាញ់សាកល្បងដោយជោគជ័យ នូវមីស៊ីលស៊េរីថ្មីមួយ តែមិនបានបញ្ជាក់លម្អិតអ្វីបន្ថែមឡើយ៕
២៖ កូរ៉េខាងជើង នៅថ្ងៃសៅរ៍នេះ បានបាញ់សាកល្បងមីស៊ីលបាលិស្ទីគរយៈចំងាយខ្លី ចំនួន២គ្រាប់ ចូលក្នុងសមុទ្រខាងកើត ឬសមុទ្រជប៉ុន បន្ទាប់ពីទីក្រុងព្យុងយ៉ាងថ្កោលទោស ការដាក់ទណ្ឌកម្ម និងសកម្មភាពអរិភាពរបស់សហរដ្ឋអាមេរិក៕
៣៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចាត់វិធានការវាយបកលើ ទីក្រុងប៉េកាំងវិញហើយ តាមរយៈការប្រកាសដំឡើងពន្ធ៥ភាគរយ លើផលិតផលនាំចូលពីចិន ដែលនេះអាចនឹងធ្វើឱ្យសង្រ្គាម ពាណិជ្ជកម្មរវាងមហាអំណាចទាំង២ កាន់តែអាក្រក់ឡើង៕
៤៖ ប្រធានាធិបតីប្រេស៊ីលលោក ហ្ស៊ែរ បូលសូណារ៉ូ (Jair Bolsonaro) ដែលកំពុងក្លាយជាផ្ទាំងស៊ីបនៃការ រិះគន់ពីគ្រប់ទិសទីទាំងក្នុងស្រុក និងក្រៅស្រុកជុំវិញបញ្ហាភ្លើងឆេះព្រៃអាម៉ាហ្សូន (Amazon) ដែលបាននិងកំពុង រីករាលដាលអាក្រក់បំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រនោះ នៅពេលនេះបានសម្រេច ដាក់បញ្ជាឲ្យកងទ័ព ចេញប្រតិបត្តិការជួយពន្លត់ភ្លើងឆេះព្រៃ ដែលបានអូសបន្លាយមកជាង ៣សប្តាហ៍នោះហើយ៕
៥៖ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា យោធារុស្ស៊ីបានបាញ់សាកល្បងមីស៊ីលបាលីស្ទីកប្រភេទ ស៊ីណេវ៉ា (Sineva) និង ប៊ូឡាវ៉ា (Bulava) បានយ៉ាងជោគជ័យចេញពីនាវាមុជទឹកឈ្មោះ ធូឡា (Tula) និង យូរីយ ដូលហ្គោរូគីយ (Yuriy Dolgorukiy)៕
៦៖ ស្ថានទូតចិនប្រចាំទីក្រុងអូតតាវ៉ាបានជំរុញឱ្យកាណាដា និងសហរដ្ឋអាមេរិកដោះលែងនាយកប្រតិបត្តិហិរញ្ញវត្ថុ ក្រុមហ៊ុនបច្ចេកវិទ្យាចិន លោកស្រី ម៉េង វ៉ានចូវ (Meng Wanzhou) ជាបន្ទាន់និងធានាការវិលត្រឡប់មកប្រទេស ចិនវិញរបស់លោកស្រី ប្រកបដោយសវត្ថិភាព៕