(តេហេរ៉ង់)៖ ប្រមុខកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ នាយឧត្ដមសេនីយ លោក Hossein Salami បាន អះអាងថាយោធារបស់ខ្លួនបានបាញ់សាកល្បងដោយជោគជ័យ នូវមីស៊ីលស៊េរីថ្មីមួយ តែមិនបាន បញ្ជាក់លម្អិតអ្វីបន្ថែមឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃសៅរ៍ ទី២៤ ខែសីហា ឆ្នាំ២០១៩។
ថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក លោក Salami បានគូសបញ្ជាក់ដូច្នេះថា៖ «កាលពីថ្ងៃ ម្សិលមិញ យើងបានបាញ់សាកល្បងមីស៊ីលថ្មីមួយដោយជោគជ័យ...ប៉ុន្តែការអភិវឌ្ឍ និងការធ្វើ តេស្ដមីស៊ីលរបស់យើង គឺដើម្បីការពារខ្លួនពីការឈ្លានពានណាមួយពីសំណាក់បរទេស តែប៉ុណ្ណោះ»។
គួរបញ្ជាក់ថា កាលដើមសប្ដាហ៍កន្លងទៅ អ៊ីរ៉ង់ក៏បានបញ្ចេញប្រព័ន្ធមីស៊ីល Bavar-373 ដែល យកគំរូរតាមប្រព័ន្ធមីស៊ីលរុស្ស៊ី S-300 ផងដែរ ចំពេលកំពុងមានភាពតានតឹងជាមួយ សហរដ្ឋអាមេរិក។ Bavar-373 មានសមត្ថភាពបាញ់មីស៊ីលក្នុងរយៈចំងាយ២០០គីឡូម៉ែត្រ និងហោះបានរយៈកម្ពស់ ២៧គីឡូម៉ែត្រ៕