(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចាត់វិធានការវាយបកលើ ទីក្រុងប៉េកាំងវិញហើយ តាមរយៈការប្រកាសដំឡើងពន្ធ៥ភាគរយ លើផលិតផលនាំចូលពីចិន ដែល នេះអាចនឹងធ្វើឱ្យសង្រ្គាមពាណិជ្ជកម្មរវាងមហាអំណាចទាំង២ កាន់តែអាក្រក់ឡើង។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសៅរ៍ ទី២៤ ខែសីហា ឆ្នាំ២០១៩។
នៅក្នុងសារជាច្រើនបង្ហោះលើ Twitter នៅថ្ងៃសុក្រសប្ដាហ៍នេះ លោក ដូណាល់ ត្រាំ បានបញ្ជាក់ ដូច្នេះថា៖ «សហរដ្ឋអាមេរិក នឹងដំឡើងពន្ធពី២៥ភាគរយ ដល់៣០ភាគរយ លើទំនិញចិនមានតម្លៃ ២៥០ពាន់លានដុល្លារ ហើយដែលការដំឡើងពន្ធនេះនឹងត្រូវចូលជាធរមាននៅ ថ្ងៃទី០១ ខែតុលា ខាងមុខនេះ»។ បន្ថែមពីលើនេះ បើតាមលោក ត្រាំ ទីក្រុងវ៉ាស៊ីនតោន ក៏មានគម្រោងដំឡើងពន្ធពី១០ ដល់១៥ភាគរយផងដែរ លើផលិតផលនាំចូលពីចិនមានតម្លៃ ៣០០ពាន់លានដុល្លារ។
គួរបញ្ជាក់ថា ការប្រកាសដំឡើងពន្ធរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងបន្ទាប់ពីចិន ប្រកាសថា នឹងដំឡើងពន្ធបន្ថែមលើទំនិញរបស់អាមេរិក ដែលមានទំហំប្រមាណ៧៥ពាន់លានដុល្លារ។ ក្រោម ចំណាត់ការនេះ លិតផលអាមេរិកថ្មីសរុប៥,០៧៨មុខ នឹងត្រូវដំឡើងពន្ធបន្ថែម។
ការដំឡើងពន្ធនេះទៀតសោត នឹងត្រូវអនុវត្ត ជា០២កញ្ចប់ដាច់ដោយឡែកពីគ្នា។ សម្រាប់មុខ ទំនិញអាមេរិក ដែលស្ថិតក្នុងកញ្ចប់ទីមួយ នឹងត្រូវដំឡើងពន្ធនៅថ្ងៃទី០១ ខែកញ្ញា ក្នុងអត្រា១០ ភាគរយ ខណៈការដំឡើងពន្ធលើទំនិញអាមេរិក ដែលស្ថិតក្នុងកញ្ចប់ទីពីរ នឹងអនុវត្តនៅថ្ងៃទី១៥ ខែធ្នូ ក្នុងអត្រា០៥ភាគរយ។ ទន្ទឹមនឹងនេះ ចិនក៏បានសម្រេចបន្តឡើងវិញនូវគម្រោងដំឡើងពន្ធ ២៥ភាគរយលើរថយន្តអាមេរិក និង០៥ភាគរយលើគ្រឿងបន្លាស់ថែមទៀតផង នៅថ្ងៃទី១៥ ខែធ្នូ បន្ទាប់ពីគម្រោងនេះត្រូវបានផ្អាកមួយរយៈ៕