(ស៊ីរី)៖ កងកម្លាំងរដ្ឋាភិបាលស៊ីរីបានវាយដណ្ដើម និងគ្រប់គ្រងភូមិជាច្រើន នៅភាគខាងជើងនៃខេត្តហាម៉ា (Hama) ខណៈពួកគេកំពុងបន្តវាយសម្រុកទៅមុខ ដើម្បីបោសសំអាតក្រុមឧទ្ទាម និងក្រុមសកម្មប្រយុទ្ធនៅភាគពាយ័ព្យនៃប្រទេស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០១៩។
សារព័ត៌មាន Sputnik ផ្អែកលើប្រភពពីយោធាស៊ីរី បានបញ្ជាក់ថាភូមិដែលវាយដណ្ដើមបានរួមមាន កាហ្វហ្ស៊ីតា (Kafr Zita), តាំមេណាហ៍ (Ltamenah), ឡេតមីន (Latmeen) និងភូមិតាល់ហ្វាស (Tal Fas) នៃភាគខាងជើងខេត្ត Hama។ ចំណែកឯភូមិមិនទាន់បានរំដោះនៅសល់តែបីទៀតប៉ុណ្ណោះរួមមាន ភូមិម៉ូរែក (Morek), ឡាហាយ៉ា (Lahaya) និងភូមិ ម៉ាអាកអាបា (Maarkaba)។
គួរបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុននេះ ការវាយប្រហារប្រយុទ្ធគ្នានៅក្នុងខេត្តអ៊ីដលីប (Idlib) ក៏បានផ្ទុះឡើងយ៉ាងក្ដៅគគុកផងដែរ ស្របពេលកងកម្លាំងរដ្ឋាភិបាលស៊ីរី កំពុងបង្កើនការវាយលុកលើខេត្តមួយនេះ ដែលជាមូលដ្ឋានរឹងមាំចុងក្រោយរបស់ក្រុមឧទ្ទាម៕