(ហ្សាការតា)៖ ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ីនៅថ្ងៃសុក្រនេះ នៅតែបន្តតាមស្វែងរកមនុស្ស ៣០នាក់ ដែលកំពុងបាត់ខ្លួន ក្រោយសាឡង់ដឹកអ្នកដំណើរមួយគ្រឿង ត្រូវបានភ្លើងឆេះនៅតំបន់ឈូងសមុទ្រនៃកោះជ្វា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០១៩។
សាឡង់ខាងលើឈ្មោះ KM សេនធីកា នូសាន់តារា (KM Santika Nusantara) មានគោលដៅធ្វើដំណើរភ្ជាប់ពីទីក្រុង ស៊ូរ៉ាបាយ៉ា (Surabaya) និងទីក្រុងបាលីកផាផាន (Balikpapan) នៃកោះប័រណេអូ (Borneo) ហើយបើតាមអាជ្ញាធរឥណ្ឌូណេស៊ីសាឡង់នេះផ្ទុកមនុស្ស ២៧៧នាក់ នៅពេលមានភ្លើងឆេះមួយកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ ប៉ុន្តែមកទល់នឹងពេលនេះ មិនទាន់មានការបញ្ជាក់ពីមូលហេតុ នៃភ្លើងឆេះសាឡង់នេះនៅឡើយទេ។
គួរជម្រាបថា សាឡង់គឺជាមធ្យោបាយធ្វើដំណើរដ៏មានប្រជាប្រិយភាពមួយ នៅក្នុងប្រទេសឥណ្ឌូណេស៊ី ដោយសារប្រទេសនេះមានដីកោះច្រើនលើសលប់ ហើយជាញឹកញាប់បញ្ហាលិចសាឡង់ ក៏តែងតែកើតឡើងជាររឿយៗផងដែរ ដោយសារតែកង្វះបទដ្ឋានសុវត្ថិភាព និងការអនុវត្តច្បាប់នៅមានភាពធូររលង់៕