(ព្រុចសែល)៖ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅសហភាពអឺរ៉ុប លោក Zhang Ming នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បាននិយាយថា ប្រទេសមហាអំណាចមួយ ដែលខ្លួននៅក្រៅតំបន់សមុទ្រចិនខាងត្បូងឯណោះសោះ គឺជាប្រភពនៃភាពតានតឹងនៅតំបន់នេះ និងជាអ្នកដែលកំពុងព្យាយាមប្រែក្លាយសមុទ្រចិនខាងត្បូង ឲ្យទៅជាសង្វៀនដណ្តើមអំណាចគ្នា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០១៩។
លោក Zhang បានលើកឡើងថា ប្រទេសមហាអំណាចមួយនោះ បានបន្តចោទប្រកាន់មកលើចិនថា កំពុងបង្កភាពតានតឹងនៅសមុទ្រចិនខាងត្បូង ខណៈដែលទីក្រុងប៉េកាំងកំពុងប្រឹងប្រែងធ្វើឲ្យស្ថានការណ៍ នៅក្នុងតំបន់មានភាពប្រសើរឡើង។ លោកឯកអគ្គរដ្ឋទូតចិន បានបញ្ជាក់ថា ប្រទេសលោកបានខិតខំដោះស្រាយបញ្ហាវិវាទនៅសមុទ្រចិនខាងត្បូង តាមរយៈការចរចាជាមួយប្រទេសនានាដែលពាក់ព័ន្ធ ហើយផ្តោតលើការបង្កើតកិច្ចសហប្រតិបត្តិការដែនសមុទ្រ ខណៈការប្រឹងប្រែងទាំងនេះហើយ បានចូលរួមចំណែកក្នុងសន្តិភាពនិងស្ថិរភាព នៅសមុទ្រចិនខាងត្បូងនាពេលបច្ចុប្បន្ន។
បើតាមលោក Zhang ផ្ទុយទៅវិញ ប្រទេសមហាអំណាចនោះ ដែលនៅក្រៅតំបន់ បានខិតខំបំប៉ោងស្ថានការណ៍ដោយចេតនា។ ប្រទេសមួយនោះ ដែលមានកម្លាំងយោធាខ្លាំងជាងគេ និងមូលដ្ឋានទ័ពរាប់រយកន្លែងនៅជុំវិញពិភពលោក បានបន្តធ្វើសមយុទ្ធយោធានៅសមុទ្រចិនខាងត្បូង និងបានបញ្ជូននាវាចម្បាំងធំៗគ្រប់ប្រភេទមកកាន់តំបន់នេះ ក្រោមស្លាកឈ្មោះ «ប្រតិបត្តិការសេរីភាពនៃនាវាចរណ៍» ដើម្បីព្យាយាមប្រែក្លាយតំបន់សមុទ្រនេះ ឲ្យក្លាយជាសង្វៀនដណ្តើមអំណាចគ្នា ដែលទង្វើនេះហើយគឺជាប្រភពពិតប្រាកដនៃភាពតានតឹងនោះ។
លោក Zhang បានសង្កត់ធ្ងន់ថា ពាក់ព័ន្ធបញ្ហាសមុទ្រចិនខាងត្បូងនេះ គឺប្រទេសមហាអំណាមួយនោះ តាមពិតមិនខ្វល់ពីអ្វីដែលចិននិងប្រទេសពាក់ព័ន្ធដទៃទៀតចង់បានឡើយ។ គោលដៅពិតរបស់គេ គឺបង្កឲ្យមានភាពតានតឹងនៅតំបន់នេះ រួចយកលេសដើម្បីរក្សាវត្តមានយោធានៅក្នុងតំបន់ ក្រោមចេតនាពង្រឹងឥទ្ធិពលរបស់ខ្លួនជារួមនៅអាស៊ី-ប៉ាស៊ីហ្វិក ក៏ដូចជាអានុភាពរបស់ខ្លួននៅលើដែនសមុទ្រជុំវិញពិភពលោក។
គួរជម្រាបថា ប្រទេសមហាអំណាចដ៏ធំនោះ ដែលលោក Zhang ចង់សំដៅទៅលើគឺគ្មានប្រទេសណា ក្រៅពីសហរដ្ឋអាមេរិកឡើយ៕