(ម៉ូស្គូ)៖ រុស្ស៊ីគ្រោងនឹងដាក់ដំណើរការ «កប៉ាល់រោងចក្ររ៉េអាក់ទ័រនុយក្លេអ៊ែរយក្ស» ដំបូងគេលើលោក ឲ្យធ្វើដំណើរឆ្លងកាត់តំបន់សមុទ្រទឹកកកអាក់ទិច បើទោះបីជាមានការព្រមានអំពីទង្វើបែបនេះក៏ដោយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០១៩។
ដោយមានផ្ទុកនូវឥន្ធនៈនុយក្លេអ៊ែរ កប៉ាល់ឬរោងចក្របណ្តែតទឹកខាងលើ ដែលមានឈ្មោះថា អាខាឌែមីក ឡូម៉ូណូសូវ (Akademik Lomonosov) នឹងចាកចេញពីកំពង់ផែនៃទីក្រុង មើម៉ាន់ (Murmansk) ភាគពាយ័ព្យប្រទេសរុស្ស៊ីនាថ្ងៃសុក្រនេះ ដើម្បីចាប់ផ្តើមការធ្វើដំណើរចម្ងាយ ៥,០០០គីឡូ ម៉ែត្រឆ្ពោះទៅកាន់ភាគខាងត្បូងតំបន់ស៊ីបេរីរបស់រុស្ស៊ី។
ការធ្វើដំណើរនេះត្រូវគេរំពឹងថា នឹងមានរយៈពេលចន្លោះ ៤-៦សប្តាហ៍ ដោយអាស្រ័យលើលក្ខខណ្ឌអាកាសធាតុ និងបរិមាណនៃទឹកកកនៅតាមផ្លូវ។ ការងារអភិវឌ្ឍសាងសង់កប៉ាល់រោងចក្រនុយក្លេអ៊ែរយក្ស ដែលមានបណ្តោតប្រវែង ១៤៤ម៉ែត្រនេះ បានចាប់ផ្តើមនៅទីក្រុង សេនភីធើស៍ប៊ឺក (Saint Petersburge) កាលពីឆ្នាំ២០០៦។ នៅពេលវាទៅដល់ក្រុង ផេវែក (Pevek) នៃតំបន់ស៊ីបេរី ចុងបូព៌ាប្រទេសរុស្ស៊ី វានឹងដើរតួនាទីជំនួសរោងចក្រនុយក្លេអ៊ែរ និងរោងចក្រធ្យូងថ្ម ដែលនៅទីនោះ ខណៈប្រតិបត្តិការនឹងចាប់ផ្តើមនៅមុនដំណាច់ឆ្នាំនេះ។
គួរជម្រាបថា យ៉ាងណាមិញក្រុមអ្នកការពារបរិស្ថានបានសម្តែងក្តីបារម្ភខ្លាំង ចំពោះហានិភ័យដែលអាចបង្កឡើងពី រោងចក្រនុយក្លេអ៊ែរប្រភេទបណ្តែតទឹកដ៏ធំនេះ ជាពិសេសបន្ទាប់ពីរុស្ស៊ីទើបតែជួបបញ្ហាផ្ទុះ រ៉េអាក់ទ័រថាមពលនុយក្លេអ៊ែរ សម្រាប់ប្រើប្រាស់ក្នុងគ្រាប់មីស៊ីលហើយ ដែលបានសម្លាប់វិស្វករជំនាញរុស្ស៊ី ០៥នាក់៕