(ព្យុងយ៉ាង)៖ រោងចក្រសម្រាប់ចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម មួយកន្លែងរបស់កូរ៉េខាងជើង ត្រូវគេសង្ស័យថា កំពុងតែលេចធ្លាយនូវកាកសំណល់វិទ្យុសកម្ម ចូលទៅក្នុងទឹកទន្លេ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០១៩។
បើតាមរូបភាពពីផ្កាយរណប បំពង់ដែលមានតួនាទីបង្ហូរកាកសំណល់វិទ្យុសកម្ម ចេញពីរោងចក្រចម្រាញ់អ៊ុយរ៉ាញ៉ូម ព្យុងសាន (Pyongsan) នៅខេត្ត វ៉ាងហែខាងជើង (Hwanghae) ទៅកាន់អាងស្តុកទុកកាកសំណល់ ទំនងជាបាននិងកំពុងលេចកាកសំណល់ពុល ចូលក្នុងផ្ទៃទឹកនៅក្បែរនោះ ដែលវាត្រូវហូរចូលទៅកាន់ទន្លេហាន (Han) និងសមុទ្រលឿងថែមទៀត។
គួរជម្រាបថា រោងចក្រ Pyongsan គឺរោងចក្រចម្រាញ់អ៊ុយរ៉ាញ៉ូមធំជាងគេរបស់កូរ៉េខាងជើង ដែលត្រូវបានសាងសង់ឡើង នៅជាប់នឹងអណ្តូងរ៉ែអ៊ុយរ៉ាញ៉ូមធំបំផុតរបស់ប្រទេសនេះ។ មូលដ្ឋាន Pyongsan មិនត្រូវបានប្រើប្រាស់អស់ជាច្រើនឆ្នាំ រហូតដល់អំឡុងទសវត្សរ៍ឆ្នាំ២០០០ ទើបប្រតិបត្តិការត្រូវបានចាប់ផ្តើមឡើងវិញ ហើយវាក៏បានទទួលបានការកែលម្អផងដែរ ដែលបានបញ្ចប់រួចរាល់កាលពីឆ្នាំ២០១៥ ខណៈកូរ៉េខាងជើងបានបង្កើនការផលិត ឥន្ធនៈនុយក្លេអ៊ែរសម្រាប់គោលដៅផលិតអគ្គិសនី៕