(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ម៉ាក អ៊ែស្ពើរ (Mark Esper) បានទទួលស្គាល់ថា កូនប្រុសនៃអតីតមេដឹកនាំអាល់កៃដា អូសាម៉ា ប៊ិនឡាដិន (Osama bin Laden) គឺលោក ហាមហ្សា ប៊ិនឡាដិន (Hamza bin Laden) ពិតជាត្រូវបានសម្លាប់មែន បើទោះជាមិនមានភស្ដុតាងបញ្ជាក់ស្តែងក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០១៩។
ការទទួលស្គាល់ខាងលើរបស់ លោក Mark Esper ធ្វើឡើងក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News នៅថ្ងៃពុធសប្ដាហ៍នេះនៅពេលដែលត្រូវបានគេសាកសួរថា តើ Hamza bin Laden ពិតជាស្លាប់មែន ឬនៅរស់នៅឡើយ? ប៉ុន្តែទន្ទឹមគ្នានោះដែរ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងមន្ត្រីជាន់ខ្ពស់អាមេរិកជាច្រើននាក់ទៀត មិនទាន់ទទួលស្គាល់ជាផ្លូវការពី មរណភាពរបស់កូនប្រុសអតីតមេដឹកអាល់កៃដារូបនេះនៅឡើយទេ។
គួរជម្រាបថា កាលពីដើមខែសីហាកន្លងទៅ ដោយផ្អែកលើប្រភពពីមន្ត្រីស៊ើបការណ៍សម្ងាត់ជាច្រើននាក់ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានចុះផ្សាយថា Hamza bin Laden ដែលត្រូវបានតែងតាំង ជាទាយាទរបស់ក្រុមអាល់កៃដា ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក កំឡុងពេលពីរឆ្នាំចុងក្រោយនេះ។
Hamza bin Laden មានអាយុប្រហែលជា ៣០ឆ្នាំ គឺជាកូនទី ១៥ ក្នុងចំណោមកូនទាំង ២០នាក់ និងជាកូននៃភរិយាទី ៣ របស់ Osama bin Laden ធ្លាប់លេចមុខនៅក្នុងវីដេអូឃ្លីបក្នុងនាមជា មេដឹកនាំក្រុមអាល់កៃដា ដោយអំពាវនាវឱ្យក្រុមសកម្មប្រយុទ្ធរបស់ខ្លួន បើកការវាយប្រហារប្រឆាំងនឹងសហរដ្ឋអាមេរិក ដើម្បីសងសឹកឱ្យឪពុករបស់ខ្លួន។ ចំណែកឯសហរដ្ឋអាមេរិកក៏ធ្លាប់ប្រកាស «ផ្ដល់ប្រាក់រង្វាន់មួយលានដុល្លារ» សម្រាប់ព័ត៌មានដែលនាំទៅរកការចាប់ខ្លួន ឬសម្លាប់ Hamza ផងដែរ៕