(ញូដេលី)៖ ទីភ្នាក់ងារអវកាសឥណ្ឌា ISRO នាថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានបញ្ចេញរូបថតមួយសន្លឹកដំបូងនៃព្រះច័ន្ទ ដែលថតបានដោយយានអវកាស Chandrayaan-2។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០១៩។

ទីភ្នាក់ងារ ISRO បានបង្ហោះរូបភាពខាងលើតាមរយៈគណនីបណ្តាញសង្គម Twitter របស់ខ្លួន។ បើតាមទីភ្នាក់ងារអវកាសឥណ្ឌា យាន Chandrayaan-2 បានផ្តិតយករូបភាពអស្ចារ្យនេះ នៅចម្ងាយប្រមាណជា២,៦៥០គីឡូម៉ែត្រពីផ្ទៃព្រះច័ន្ទ នៅថ្ងៃពុធសប្តាហ៍ នេះ បន្ទាប់ពីវាបានចូលទៅដល់គន្លងព្រះច័ន្ទដោយជោគជ័យនៅថ្ងៃអង្គារ។ កំឡុងដើមខែនេះ យានអវកាស Chandrayaan-2 ក៏បានថតរូបប៉ុន្មានសន្លឹកពីភពផែនដីផងដែរ។

គួរជម្រាបថា បេសកកម្ម Chandrayaan-2 ដែលជាដំណើរឆ្ពោះទៅកាន់ព្រះច័ន្ទជាលើកទីពីររបស់ឥណ្ឌា ត្រូវបានបញ្ជូនចេញពី ផែនដីកាលពីថ្ងៃទី២២ ខែកក្កដាកន្លងទៅ។ ជំហានបន្ទាប់ទៀតនៃបេសកកម្មនេះ គឺយានសម្រាប់ចុះចតឈ្មោះថា Vikram នឹង ព្យាយាមចុះទៅជាន់តំបន់ប៉ូលខាងត្បូងលើផ្ទៃព្រះច័ន្ទនៅថ្ងៃទី០៧ ខែកញ្ញា ខាងមុខ ដើម្បីលើកមុខមាត់ប្រទេសឥណ្ឌាឲ្យក្លាយជាប្រទេសទី០៤ នៅលើពិភពលោក ដែលសម្រេចជោគជ័យ ក្នុងការបញ្ជូនយានទៅចុះចតលើផ្ទៃរបស់ព្រះច័ន្ទ៕