(ម៉ូស្គូ)៖ យោធាភាគខាងត្បូងនៃប្រទេសរុស្ស៊ី បានដឹកនាំការធ្វើសមយុទ្ធទ្រង់ទ្រាយធំមួយ ដែលមានការចូលរួមពីពលទាហានប្រមាណ ០២ពាន់នាក់ រួមជាមួយបរិក្ខានិងសព្វាវុធសរុប ២,៥០០គ្រឿង រួមមានយន្តហោះ និងឧទ្ធម្ភាគចក្រជាង ១០០គ្រឿង ព្រមទាំងប្រព័ន្ធការពារដែនអាកាស S-300។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០១៩។
កំឡុងការធ្វើសមយុទ្ធយោធាខាងលើ ដែលប្រព្រឹត្តទៅនៅទីលានហ្វឹកហ្វឺន អាហ្សូលូក (Ashuluk) ក្នុងតំបន់អាស្ត្រាខាន់ (Astrakhan) ភាគខាងត្បូងរុស្ស៊ី ក្រុមប្រព័ន្ធមីស៊ីលការពារអាកាស S-300 បានធ្វើតេស្តបាញ់ទប់ស្កាត់គោលដៅ ដែលត្រូវបានប្រើប្រាស់ឲ្យដើរតួនាទី ជាគ្រាប់មីស៊ីលវាយប្រហារលើសត្រូវ។
គួរជម្រាបថា ក្រៅពីនោះកងកម្លាំងការពារដែនអាកាស នៃយោធារុស្ស៊ីភាគខាងត្បូង ក៏បានហ្វឹកហាត់បាញ់ប្រព័ន្ធមីស៊ីល និងប្រព័ន្ធសព្វាវុធប្រឆាំងគោលដៅលើផ្ទៃអាកាសដទៃផងដែររួមមានដូចជា ផាន់ស៊ីអ៊ែក (Pantsyr-S), ទ័រ (Tor), អូសា (Osa), ស្ត្រេឡា ១០ (Strela-10), ទុងហ្គូស្កា (Tunguska) និងស៊ីលកា (Shilka) ជាដើម៕