(តេហេរ៉ង់)៖ ប្រធានាធិបតីអ៊ីរ៉ង់លោក ហាស្សាន រួហានី (Hassan Rouhani) នាពេលថ្មីៗនេះបានចូលរួមក្នុងពិធីដាក់តាំង បង្ហាញប្រព័ន្ធមីស៊ីលការពារដែនអាកាស Bavar-373 ដែលផលិតឡើងដោយដៃក្រុមអ្នកជំនាញអ៊ីរ៉ង់ ផ្ទាល់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០១៩។
ប្រព័ន្ធមីស៊ីលការពារដែនអាកាស Bavar-373 ដែលរចនាឡើង និងផលិតនៅក្នុងប្រទេសអ៊ីរ៉ង់ ដោយយកគំរូតាម S-300 ត្រូវបានធ្វើតេស្ដសាកល្បងរួចហើយ កាលពីឆ្នាំ២០១៧។ លើសពីនេះទៅទៀត យោធាអ៊ីរ៉ង់ក៏បានចាត់ទុកផងដែរថា Bavar 373 មានសមត្ថភាពប្រហាក់ប្រហែល នឹងប្រព័ន្ធមីស៊ីលរុស្ស៊ី S-300។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺការបញ្ចេញប្រព័ន្ធមីស៊ីលនេះ កើតមានឡើងចំពេលមានសេចក្ដីរាយការណ៍ថា យន្ដហោះដ្រូនយោធាអាមេរិកមួយគ្រឿង ត្រូវបានក្រុមឧទ្ទាមហូទី ដែលមានអ៊ីរ៉ង់ជាខ្នងបង្អែកបាញ់ទម្លាក់ នៅក្នុងប្រទេសយ៉េមែន កាលពីថ្ងៃអង្គារកន្លងទៅ។
ក្រុមឧទ្ទាមហូទីក៏ធ្លាប់បានបាញ់ទម្លាក់យន្ដហោះដ្រូនអាមេរិក មួយគ្រឿងផ្សេងទៀតដែរ កាលពីខែមិថុនាកន្លងទៅ ដោយមានជំនួយពីអ៊ីរ៉ង់ តែមកទល់នឹងពេលនេះគេមិនទាន់អាចកំណត់បានថា តើអាវុធអ្វីដែលអ៊ីរ៉ង់អាចជួយក្រុមឧទ្ទាមហ៊ូទី បាញ់ទម្លាក់យន្ដហោះដ្រូនដ៏ទំនើបអាមេរិកបាននោះទេ។
គួរបញ្ជាក់ថា ក្រុមជំនាញអ៊ីរ៉ង់បានចាប់ផ្ដើមអភិវឌ្ឍប្រព័ន្ធមីស៊ីល Bavar 373 កាលពីឆ្នាំ២០១០ ក្រោយផ្អាកកិច្ចព្រមព្រៀងឆ្នាំ២០០៧ ក្នុងតម្លៃជាង ៩០០លានដុល្លារ ក្នុងការលក់ S-300 ឱ្យអ៊ីរ៉ង់ ដោយសារតែទីក្រុងម៉ូស្គូ បានចូលរួមជាមួយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងការដាក់ទណ្ឌកម្មប្រឆាំងអ៊ីរ៉ង់ជុំវិញកម្មវិធីនុយក្លេអ៊ែរ។ រហូតដល់ខែមេសា ឆ្នាំ២០១៥ ទើបរុស្ស៊ីចាប់ផ្ដើមកិច្ចចរចាលលក់ S-300 ឡើងវិញ ហើយយល់ព្រមប្រគល់ប្រព័ន្ធមីស៊ីលនេះឱ្យអ៊ីរ៉ង់ ក្រោមកិច្ចព្រមព្រៀងចាស់នៅឆ្នាំ២០១៦៕