(ប៉េកាំង)៖ អាជ្ញាធរចិនបានរាយការណ៍ ឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ០៩នាក់បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំង ដែលបណ្តាលឲ្យមានគ្រោះរអិលបាក់ដី នៅឯតំបន់អាបាទីបេ (Aba Tibetan) និងខេត្តស្វយ័តឈៀង (Qiang) ភាគនិរតីប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃប្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ ២០១៩។
បើយោងតាមការិយាល័យគ្រប់គ្រងគ្រោះអាសន្នរបស់តំបន់អាបា គិតត្រឹមយប់ថ្ងៃពុធម្សិលមិញមនុស្សប្រមាណ ៣៥នាក់នៅតែបន្តបាត់ខ្លួន។ ដោយឡែក អាជ្ញាធរខេត្តបានបញ្ជូនអ្នកជួយសង្គ្រោះចំនួន ១,៦៣០នាក់ភ្លាមៗ ដើម្បីស្វែងរកមនុស្សដែលបាត់ខ្លួន និងជាប់គាំងនៅទីនោះ បន្ទាប់ពីគ្រោះមហន្តរាយដែលបង្កឡើងដោយភ្លៀង បានកើតឡើងកាលពីថ្ងៃអង្គារសប្តាហ៍នេះ។
ជាមួយគ្នានេះជាង ៩០%នៃប្រជាជននៅក្នុងតំបន់វិនឈួន (Wenchuan) បានទទួលរងផលប៉ះពាល់ពីគ្រោះមហន្តរាយ ដែលបង្កឡើងដោយភ្លៀងធ្លាក់ និងការរអិលបាក់ដីខាងលើ ខណៈមនុស្សជាង ១០ម៉ឺននាក់ត្រូវការជម្លៀស និងជួយសង្គ្រោះជាបន្ទាន់។
គួរជម្រាបថា គ្រោះទឹកជំនន់ និងរអិលបាក់ដីដែលបង្កឡើងដោយភ្លៀងខាងលើ បានធ្វើឲ្យខូចខាតផ្លូវ និងស្ពានជាច្រើនកន្លែង ព្រមទាំងផ្ទះសម្បែងចំនួន ៩០០ខ្នង, អាងស្តុកទឹក និងទំនប់ចំនួន ០២ រួមទាំងសហគ្រាសធុនធំ និងមធ្យមចំនួន ២០ ផងដែរ។ លើសពីនោះទៀត វាក៏បានបំផ្លាញបំពង់បង្ហូរទឹកស្អាត ដែលរត់សរុបជាង ១១៥គីឡូម៉ែត្រ ដែលជាប្រភពទឹកស្អាតសម្រាប់ផ្គត់ផ្គង់ដល់ប្រជាជនជាង ៥៨.០០០នាក់ទៀតផង។ ដោយឡែកកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះកំពុងតែដំណើរការនៅឡើយ៕