(វ៉ាស៊ីនតោន)៖ រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក ម៉ាក អ៊ែស្ពើរ (Mark Esper) បាននិយាយថា សហរដ្ឋអាមេរិកប្រហែលអាចសម្រេចបាននូវអាវុធ ដែលមានល្បឿនកម្រិត Hypersonic (លឿនជាងល្បឿនសំឡេងចាប់ពី៥ដងឡើង) ក្នុងរយៈពេល ០២ឆ្នាំខាងមុខ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០១៩។
ក្នុងបទសម្ភាសន៍មួយដែលសារព័ត៌មានអាមេរិក Fox News ចេញផ្សាយនាថ្ងៃពុធសប្តាហ៍នេះ លោក Esper បានលើកឡើងថា «ប្រហែលជាប៉ុន្មានឆ្នាំទៀត... គឺអាចក្នុងរយៈពេល ០២ឆ្នាំ» ដែលការឆ្លើយតបបែបនេះ បានកើតឡើងបន្ទាប់ពីអ្នកសម្ភាសន៍បានសួរនាំលោកពាក់ព័ន្ធថា តើសហរដ្ឋអាមេរិក ដើរដល់ណាហើយ ជុំវិញការបង្កើតសព្វាវុធល្បឿនលឿនកម្រិត Hypersonic។
គួរជម្រាបថា មន្រ្តីជាន់ខ្ពស់នៃយោធាអាមេរិក លោក រីយ៉ាន ម៉ាកខាធី (Ryan McCarthy) ក៏ទើបតែបានបង្ហើបឲ្យដឹងដែរថា ទីក្រុងវ៉ាស៊ីនតោននឹងផ្តោតទៅលើការអភិវឌ្ឍមីស៊ីល Hypersonic ប្រភេទបាញ់ពីផ្ទៃដី ហើយមានសមត្ថភាពវាយប្រហារក្នុងរយៈចម្ងាយ ដែលកន្លង មកត្រូវបានហាមឃាត់ ក្រោមសន្ធិសញ្ញាទប់ស្កាត់ការរីកសាយ នៃអាវុធនុយក្លេអ៊ែរជាមួយរុស្ស៊ី INF ដែលបានរលាយសាបសូន្យកាលពីដើមខែសីហានេះ។
ក្រោយសន្ធិសញ្ញា INF ត្រូវបានបំផ្លាញ កាលពីថ្ងៃអាទិត្យកន្លងទៅ អាមេរិកក៏ទើបតែបានបាញ់តេស្ត មីស៊ីលចង្អុលទិស (Cruise Missile) មួយគ្រាប់ផងដែរ ដោយវាបានរត់ក្នុងរយៈចម្ងាយមធ្យម ដែលធ្លាប់ត្រូវបានហាមឃាត់ដោយ INF ។ ពាក់ព័ន្ធការធ្វើតេស្តនោះ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានដាក់ការសង្ស័យថា អាមេរិកប្រហែលជាបានសម្ងំអភិវឌ្ឍន៍មីស៊ីលយូរដែរមកហើយ គឺអាចមុនពេលរកលេសដើរចេញពីសន្ធិសញ្ញា INF ទៅទៀត៕