(ប៉េកាំង)៖ ប្រភពពីកងទ័ពអាកាសចិនបានឲ្យដឹងនៅថ្ងៃពុធនេះថា យន្តហោះជាច្រើនគ្រឿងរបស់កងទ័ពអាកាស នៃកងទ័ពរំដោះប្រជាជនចិន (PLA) បានទៅដល់មូលដ្ឋានទ័ពអាកាសមួយនៅឯប្រទេសថៃ ដើម្បីធ្វើការហ្វឹកហាត់រួមគ្នាជាមួយកងទ័ពអាកាសថៃ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ ២០១៩។
ការធ្វើលំហាត់ហ្វឹកហ្វឺនជំនាញរួមគ្នានេះ គឺជាលើកទីបួនហើយរវាងប្រទេសទាំងពីរ ហើយវាត្រូវបានគ្រោងធ្វើឡើងចាប់ពីពាក់កណ្តាលខែសីហានេះ រហូតដល់ដើមខែកញ្ញាខាងមុខ។ នេះបើយោងតាមនាយកដ្ឋានមុខងារសាធារណៈ របស់កងទ័ពអាកាស នៃកងទ័ពរំដោះប្រជាជនចិន (PLA)។ សម្រាប់គោលបំណងនៃការធ្វើហ្វឹកហាត់រួមគ្នាខាងលើនេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពអាកាសទាំងពីរឲ្យកាន់តែស៊ីជម្រៅ និងជំរុញឲ្យមានការអភិវឌ្ឍផ្នែកសព្វាវុធ ព្រមទាំងដើម្បីចែករំលែកយុទ្ធសាស្ត្រប្រយុទ្ធ រវាងកងទ័ពអាកាសទាំងពីរផងដែរ។
គួរជម្រាបថា ការហ្វឹកហាត់រួមគ្នាបែបនេះ ៣ លើកមុនៗ ត្រូវបានប្រព្រឹត្តទៅលើកដំបូងកាលពីឆ្នាំ២០១៥, បន្ទាប់មកនៅឆ្នាំ២០១៧ និងលើកចុងក្រោយគេកាលពីឆ្នាំ២០១៨ កន្លងទៅនេះនៅឯប្រទេសថៃ។ ក្រៅពីការហ្វឹកហ្វឺនទ័ពអាកាសខាងលើនេះ ប្រទេសចិន និងថៃក៏មានកិច្ចសហប្រតិបត្តិការរួមគ្នាផ្សេងៗទៀតដែរ ដូចជាការប្រយុទ្ធប្រឆាំងបទល្មើសនៅតាមដងទន្លេជាដើម៕