(មូស្គូ)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានយល់ព្រមតាមសំណើរបស់សមភាគីបារាំង លោក អ៊ែមម៉ានុអែល ម៉ាក្រុង (Emmanuel Macron) ដើម្បីអញ្ជើញសមភាគីរុស្ស៊ី ឲ្យចូលរួមក្នុងកិច្ចប្រជុំកំពូល G7 នាឆ្នាំ២០២០ ខាងមុនក្នុងទឹកដីសហរដ្ឋអាមេរិក។ មេដឹកនាំអាមេរិករូបនេះក៏ត្រូវបានគេរំពឹងថា នឹងលើកឡើងពីបញ្ហានេះ នៅឯកិច្ចប្រជុំកំពូល G7 នៅក្នុងទីក្រុង ប៊ីយ៉ារីត (Biarritz) ប្រទេសបារាំងនាចុងសប្តាហ៍នេះផងដែរ។ នេះបើតាមការចុះផ្សាយ ដោយសារព័ត៌មាន Sputnik នារសៀលថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០១៩។
មន្ត្រីរដ្ឋបាលម្នាក់បានបង្ហើបប្រាប់នៅលើទំព័រ Twitter របស់ខ្លួនយ៉ាងដូច្នេះថា «នៅថ្ងៃនេះលោក ត្រាំ និងលោក ម៉ាក្រុង បាននិយាយគ្នាតាមទូរស័ព្ទ ហើយមេដឹកនាំទាំងពីរបានឯកភាព នឹងអញ្ជើញប្រទេសរុស្ស៊ីចូលរួមកិច្ចប្រជុំកំពូល G7 នៅឆ្នាំក្រោយ។ លោក ត្រាំ ត្រូវបានគេរំពឹងថា នឹងលើកយកប្រធានបទនេះ មកជជែកជាមួយមេដឹកនាំពិភពលោកនៅ G7 ខាងមុខផងដែរ... វាគឺជាគំនិតផ្តួចផ្តើមរបស់លោក ម៉ាក្រុង ក្នុងការអញ្ជើញប្រទេសរុស្ស៊ី»។
លោក ត្រាំ បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅឯសេតវិមាន កាលពីថ្ងៃអង្គារសប្តាហ៍នេះថា លោកគាំទ្រចំពោះវិធានការខាងលើ ដើម្បីនាំប្រទេសរុស្ស៊ីចូលទៅក្នុងក្រុម G7 និងបន្តការងាររបស់ក្រុមនេះក្នុងទម្រង់ G8 ដូចដើមវិញ។ ទន្ទឹមនឹងនេះដែរលោក ត្រាំ ក៏បានបញ្ចេញមតិថា រុស្ស៊ីត្រូវបានបណ្តេញចេញពីក្រុម G8 ក៏ព្រោះតែកាលណោះ លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន «ពូកែជាង» អតីតប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា។
គួរបញ្ជាក់ថា កិច្ចប្រជុំកំពូល G7 ដែលមានប្រទេសជាសមាជិកដូចជា កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក គ្រោងនឹងធ្វើឡើងនៅក្នុង ទីក្រុង Biarritz ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែសីហានេះ៕