(វ៉ាស៊ីនតោន)៖ អនុប្រធានាធិបតីអាមេរិក លោក Mike Pence នាថ្ងៃអង្គារសប្តាហ៍នេះ បានប្រកាសឲ្យដឹងថា ទីបញ្ជាការយោធាថ្មីផ្នែកអវកាសនឹងលេចរូបរាងឡើងនៅសប្តាហ៍ក្រោយនេះហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០១៩។
លោក Pence បានប្រាប់ពីដំណឹងនេះ ក្នុងកិច្ចប្រជុំមួយនៃក្រុមប្រឹក្សាជាតិផ្នែកអវកាសរបស់សហរដ្ឋអាមេរិក។ ទីបញ្ជាការយោធាអវកាសនេះ នឹងទទូលបន្ទុកលើប្រតិបត្តិការការពារជាតិពាក់ព័ន្ធទីអវកាស ហើយវានឹងជាទីបញ្ជាការយោធាទី១១របស់អាមេរិក រួមជាមួយទីបញ្ជាការយោធាជាច្រើនទៀត ដែលទទួលបន្ទុកបម្រើមុខងារ និងបន្ទុកប្រចាំតំបន់ភូមិសាស្រ្តជាក់លាក់ណាមួយ។
ពិធីដាក់ឲ្យដំណើរការទីបញ្ជាការខាងលើ នឹងប្រារព្ធឡើងនៅថ្ងៃទី២៩ ខែសីហា គឺថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ ហើយវានឹងមានមន្រ្តីបម្រើការសរុបចំនួន៨៧នាក់ នៅក្រោមការទទួលខុសត្រូវរបស់លោក John Raymond ដែលបច្ចុប្បន្នជាប្រធានទទួលបន្ទុកប្រតិបត្តិការផ្នែកអវកាសនៅក្នុងកងទ័ពអាកាសអាមេរិក។
គួរជម្រាបថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពីបំណងបង្កើត «កងទ័ពអវកាស» ក្នុងជួរយោធាអាមេរិក កាលពីឆ្នាំ២០១៨ ហើយលោកបានដាក់ចេញគំនិតនេះជាផ្លូវការ កាលពីខែកុម្ភៈ ឆ្នាំ២០១៩នេះ តាមរយៈការចេញបញ្ជាបង្គាប់ឲ្យក្រសួងការពារជាតិអាមេរិក រៀបចំបង្កើតកងទ័ពអវកាស ដែលនឹងក្លាយជាកម្លាំងយោធាថ្មីសន្លាងរបស់អាមេរិក រួមជាមួយកងទ័ពជើងគោក កងទ័ពជើងទឹក កងទ័ពអាកាស កងម៉ារីន និងកងល្បាតដែនសមុទ្រ។
យ៉ាងណាមិញ «ទីបញ្ជាការអវកាស» និង «កងទ័ពអវកាស» របស់អាមេរិកនេះ គឺជាស្ថាប័នពីរដាច់ដោយឡែកពីរគ្នា ដែលភាពខុសគ្នានៃស្ថាប័នទាំងពីរ គឺស្រដៀងនឹងអ្វីដែលខុសគ្នារវាងកងទ័ព០៥ផ្នែកទៀត ហើយនិងទីបញ្ជាការយោធាចំនួន០៤ទៀត ដែលទទួលបន្ទុកមុខងារពិសេសៗដូច្នោះដែរ។ ទោះជាបែបនេះក្តី ទីបញ្ជាការយោធាផ្នែកអវកាសនេះ អាចចាត់ទុកបានថា ការបោះជំហានចាប់ផ្តើមដំបូង ដើម្បីឆ្ពោះទៅរកការបង្កើតកងទ័ពអវកាស របស់សហរដ្ឋអាមេរិកនៅឆ្នាំ២០២០ខាងមុខ៕