(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ បានប្រាប់អ្នកយកព័ត៌មានថា សហរដ្ឋអាមេរិកនឹងចាត់វិធានការគ្រប់យ៉ាង ដើម្បីរារាំងកប៉ាល់ដឹកប្រេងអ៊ីរ៉ង់ឈ្មោះ Grace 1 ពីការបញ្ជូនប្រេងទៅប្រទេសស៊ីរី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នាព្រឹកថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ ២០១៩។
លោករដ្ឋមន្ត្រីការបរទេសអាមេរិក បាននិយាយក្នុងថ្ងៃអង្គារសប្តាហ៍នេះយ៉ាងដូច្នេះថា «ប្រសិនបើកប៉ាល់ដឹកប្រេងនោះ នៅតែធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសស៊ីរីម្តងទៀត យើងនឹងចាត់វិធានការគ្រប់យ៉ាង ដើម្បីអនុវត្តទណ្ឌកម្មទាំងនោះ»។
គួរជម្រាបថា កាលពីថ្ងៃសុក្រសប្តាហ៍មុន សហរដ្ឋអាមេរិកបានចេញដីការឹបអូសយកកប៉ាល់ Grace 1 ខណៈពេលដែលកប៉ាល់ដឹកប្រេងនោះ នៅតែស្ថិតនៅក្នុងដែនទឹករបស់អាជ្ញាធរ Gibraltar នៅឡើយ ក្នុងគោលបំណងចង់រឹបអូសយកទំនិញទាំងអស់ និងទឹកប្រាក់ចំនួន ៩៩៥.០០០ដុល្លាររបស់កប៉ាល់ខាងលើ ពីបទរំលោភទណ្ឌកម្មអន្តរជាតិ។
ទោះយ៉ាងណា អាជ្ញាធរតំបន់ Gibraltar របស់អង់គ្លេស បានច្រានចោលសំណើរបស់ទីក្រុងវ៉ាស៊ីនតោន ដោយលើកឡើងពីភាពខុសគ្នារវាងជំហររបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបទាក់ទងនឹងការដាក់ទណ្ឌកម្មលើអ៊ីរ៉ង់។ ដោយឡែក តុលាការអ៊ីរ៉ង់កាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះបាននិយាយថា ការដោះលែង Grace 1 គឺមិនគ្រប់គ្រាន់ទេ ហើយថែមទាំងបានអំពាវនាវឱ្យមាននីតិវិធីច្បាប់ជាការសងសឹក ដើម្បីធ្វើជាគំរូសម្រាប់អ្នកដែលរំលោភច្បាប់អន្តរជាតិ៕