Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយករដ្ឋមន្ត្រីអ៊ីតាលី លាលែងពីតំណែង ក្រោយមានជម្លោះជាមួយគណបក្សជាដៃគូក្រុមចម្រុះ (Video inside)

21-08-2019 08:54

(អ៊ីតាលី)៖ នាយករដ្ឋមន្ត្រីអ៊ីតាលី លោក Giuseppe Conte បានសម្រេចចិត្តលាចេញ ពីតំណែងហើយនៅថ្ងៃអង្គារសប្ដាហ៍នេះ បន្ទាប់ពីមានជម្លោះជាមួយដៃគូនៃរដ្ឋាភិបាល ចម្រុះលោក Matteo Salvini ដែលជាឧបនាយករដ្ឋមន្ត្រី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០១៩។

លោក Conte បាននិយាយថា លោក Salvini គឺជាមនុស្សគ្មានទំនួលខុសត្រូវដោយបាន បង្កើតវិបត្តិនយោបាយថ្មីមួយនៅក្នុងប្រទេសអ៊ីតាលី ដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួក។ ប៉ុន្តែ មេដឹកនាំគណបក្សសម្ព័ន្ធជាតិនិយម លោក Salvini បានដាក់ញ្ញត្តិ ដកសេចក្ដីទុកចិត្តពីលោក Conte ហើយក៏បានបញ្ជាក់ដែរថាលោកមិនអាចបន្តធ្វើការងារ ជាមួយគណបក្សជាដៃគូចម្រុះ Five Star របស់លោក Conte បានទៀតឡើយ។

គួរបញ្ជាក់ថា ប្រធានាធិបតីអ៊ីតាលី លោក Sergio Mattarella បានទទួលយកលិខិត លាលែងពីតំណែងរបស់លោក Conte ហើយ ព្រមទាំងនឹងបើកកិច្ចប្រជុំប្រឹក្សាយោបល់ ជាមួយថ្នាក់ដឹកនាំគណបក្សនៅថ្ងៃពុធនេះ។ ដោយឡែក នៅក្នុងករណីដែលមិនអាចបង្កើត រដ្ឋាភិបាលថ្មី នោះលោកប្រធានាធិបតីនឹងប្រកាសរំលាយសភាចោល ហើយស្នើរៀបចំការ បោះឆ្នោតមុនអាណត្តិ៕