(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ទីភ្នាក់ងារអវកាសឥណ្ឌា ISRO បានឲ្យដឹងថា នាថ្ងៃអង្គារនេះយានអវកាសរបស់ខ្លួនឈ្មោះ ចាន់ដ្រានយ៉ាន ២ (Chandrayaan-2) បានចូលដល់គន្លងគោចរជុំវិញឋានព្រះច័ន្ទដោយជោគជ័យ ដើម្បីត្រៀមចុះចតនៅខែក្រោយ។

២៖ ខណៈអាមេរិកទើបធ្វើតេស្តមីស៊ីលប្រភេទចង្អុលប្រាប់ទិស (Cruise Missile កំណត់ទិសដៅវាយប្រហារ) ដែលបាញ់ចេញពីផ្ទៃដីកាលពីថ្ងៃអាទិត្យ បន្ទាប់ពីសន្ធិសញ្ញាហាមឃាត់ ការរីកសាយអាវុធនុយក្លេអ៊ែរ INF ជាមួយរុស្ស៊ី ត្រូវរលាយសាបសូន្យ ក្រសួងការបរទេសចិននា ថ្ងៃអង្គារនេះបានចេញសេចក្តីថ្លែងការណ៍ថាទង្វើបែបនេះអាចនាំ ទៅរកការរត់ប្រណាំងអាវុធនុយក្លេអ៊ែរ សាជាថ្មី ហើយបំផ្លាញស្ថេរភាព នៃសន្តិសុខពិភពលោកនាពេលបច្ចុប្បន្ន៕

៣៖ ការស្ទង់មតិរបស់ទីភ្នាក់ងារព័ត៌មាន Reuters បានបង្ហាញថាក្រុមហ៊ុនជប៉ុនភាគច្រើនមានការគាំទ្រគោល ជំហរតឹងរ៉ឹង របស់នាយករដ្ឋមន្រ្តីជប៉ុនលោក អាបេ ស៊ីនហ្សូ ពាក់ព័ន្ធនឹងវិវាទពាណិជ្ជកម្មជាមួយកូរ៉េខាងត្បូង៕

៤៖ ទីក្រុងតេហេរ៉ង់បានណែនាំទីក្រុងព្យុងយ៉ាង កុំឲ្យជឿជាក់លើសហរដ្ឋអាមេរិកខ្លាំងពេក ដ្បិតអ៊ីរ៉ង់ធ្លាប់ភ្លក្សរសជាតិ នេះរួចហើយ គឺចង់សំដៅលើកាលដែលទីក្រុងវ៉ាស៊ីនតោន សម្រេចដកខ្លួនជាលក្ខណៈឯកតោភាគី ចេញពីកិច្ចព្រមព្រៀងអ៊ីរ៉ង់ឆ្នាំ២០១៥ កាលពីឆ្នាំមុន៕

៥៖ មេដឹកនាំទីក្រុងហុងកុងលោកស្រី ខារី ឡាំ (Carrie Lam) នៅថ្ងៃអង្គារនេះ បានបង្ហាញក្ដីសង្ឃឹមថា បាតុកម្មតវ៉ាប្រឆាំងរដ្ឋាភិបាលរបស់លោកស្រី ដោយសន្តិវិធីកាលពីចុងសប្ដាហ៍កន្លងទៅនឹងក្លាយជាចំណុចចាប់ ផ្ដើមមួយ នៃការស្ដារសន្តិភាពឡើងវិញ៕

៦៖ ភ្លៀងធ្លាក់ខ្លាំងដែលបង្កទៅជាគ្រោះទឹកជំនន់ និងការបាក់ដីនៅបណ្តារដ្ឋ ចំនួនបីស្ថិតនៅភាគខាងជើងប្រទេស រួមមាន ហ៊ីម៉ាចាល់ ប្រាដែស (Himachal Pradesh), យូតថារ៉ាខាន់ (Uttarakhand) និងផាន់ចាប់ (Punjab) បានឆក់យកជីវិតមនុស្ស ៤០នាក់ នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ៕