(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានបង្ហោះរូបភាពកាត់តមួយសន្លឹក ដែលបង្ហាញពីអាគារសណ្ឋាគារអន្តរជាតិពណ៌មាសដ៏ធំខ្ពស់សម្បើមរបស់លោកនៅរដ្ឋ Las Vegas លេចឡើងនៅលើដែនដីកោះគ្រីនលែន (Greenland) ដែលលោកត្រាំ មានបំណងចង់ទិញយកពីប្រទេសដាណឺម៉ាក ជាមួយប្រយោគមួយឃ្លាថា «ខ្ញុំសន្យាថានឹងមិនធ្វើរឿងបែបនេះ នៅលើកោះហ្គ្រីនឡិនឡើយ»។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នាល្ងាចថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ ២០១៩។
ការបង្ហោះរូបភាពខាងលើ គឺលោក ត្រាំ ប្រហែលចង់បញ្ជាក់ថា បើដាណឺម៉ាយល់ព្រមលក់កោះ Greenland ឲ្យមកអាមេរិក លោកធានាថានឹងពុំមានអគារខ្ពស់ៗសង់ឡើងលេចត្រដែតនៅទីនោះឡើយ។ ការគូសបញ្ជាក់នេះ ត្រូវបានធ្វើឡើងបន្ទាប់ពី គេបានដឹងថា លោកធ្លាប់បានជួបជាមួយក្រុមមន្រ្តីជាន់ខ្ពស់របស់លោក ដើម្បីពិភាក្សាអំពីលទ្ធភាព នៃការទិញយកកោះទឹកកកយក្ស Greenland ពីប្រទេសប្រទេសដាណឺម៉ាក។
បើតាមសេចក្តី រាយការណ៍របស់កាសែត Wall Street Journal លោកប្រធានាធិបតីអាមេរិករូបនេះ បានលើកឡើងនូវគំនិតដូចខាងលើ ជាច្រើនលើកច្រើនសា កំឡុងកិច្ចពិភាក្សាជាមួយក្រុមទីប្រឹក្សារបស់លោក ហើយលោកមានចំណាប់អារម្មណ៍ជាខ្លាំងចំពោះ ភាពអំណោយផលនៃទីតាំងភូមិសាស្រ្តរបស់ Greenland និងភោគទ្រព្យដ៏សម្បូរហូរហៀរ ដែលមាននៅទីនោះ។
ដោយឡែក សម្រាប់ភាគីដាណឺម៉ាកវិញ បានចាត់ទុកគំនិតខាងលើ គឺជារឿងគួរឱ្យអស់សំណើច និងប្រៀបដូចជាការនិយាយលេងសើច ក្នុងនៃទិវាកុហក April Fool ដូច្នោះ ដោយបានបញ្ជាក់ទៀតថា «ដែនដីគ្រីនលែនមិនមែនសម្រាប់លក់នោះទេ» ពីព្រោះថា ការលក់ដែនដីមួយនេះវាមានន័យស្មើនឹងលក់ពលរដ្ឋដាណឺម៉ាក ៥០,០០០នាក់ ឱ្យសហរដ្ឋអាមេរិកដូច្នោះដែរ។ នាយករដ្ឋមន្រ្តីដាណឺម៉ាក លោក Mette Frederiksen បានចាត់ទុកគំនិតរបស់សហរដ្ឋអាមេរិកក្នុងការចង់ទិញយកកោះហ្គ្រីនឡិន ជាការវើរវាយ និងមិនសមហេតុផលសោះឡើយ។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ នឹងត្រូវបំពេញទស្សនកិច្ចទៅកាន់ប្រទេសដាណឺម៉ាក នៅខែកញ្ញាខាងមុខនេះ ហើយក្នុងដំណើរទស្សនកិច្ចនេះលោក នឹងត្រូវជួបជាមួយនាយករដ្ឋមន្ត្រីដាណឺម៉ាក និងមេដឹកនាំតំបន់គ្រីនលែន។ កោះ Greenland មានទំហំផ្ទៃដីសុទ្ធ (មិនគិតផ្ទាំងទឹកកកដុះ) ប្រមាណ ២.១លានគីឡូម៉ែត្រក្រឡា ដូចគ្នានឹងទំហំផ្ទៃដីប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាកំពូលមហាសេដ្ឋីប្រេងនៅលើពិភពលោក៕