(ញូដេលី)៖ ទីភ្នាក់ងារអវកាសឥណ្ឌា ISRO បានឲ្យដឹងថា នាថ្ងៃអង្គារនេះយានអវកាសរបស់ខ្លួនឈ្មោះ ចាន់ដ្រានយ៉ាន ២ (Chandrayaan-2) បានចូលដល់គន្លងគោចរជុំវិញឋានព្រះច័ន្ទដោយជោគជ័យ ដើម្បីត្រៀមចុះចតនៅខែក្រោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានឥណ្ឌា Times of India នៅរសៀលថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ២០១៩។
នៅក្រោយការផ្លាស់ប្តូរគន្លងពីផែនដី ចូលទៅដល់ឋានព្រះច័ន្ទ យាន Chandrayaan-2 នឹងបន្តគោចរជុំវិញព្រះច័ន្ទ ដើម្បីរំកិលឲ្យដល់កៀកប៉ូលខាងត្បូងរបស់ព្រះច័ន្ទ ហើយទម្លាក់យានឲ្យទៅចុះចតនៅតំបន់នោះ នៅថ្ងៃទី០៧ ខែកញ្ញាខាងមុខនេះ។ នៅក្នុង បេសកកម្ម Chandrayaan-2 យានមានឈ្មោះថា វីក្រាម (Vikram) នឹងត្រូវចុះចតនៅលើផ្ទៃព្រះច័ន្ទ ហើយវាក៏មានផ្ទុកយានអាចចល័តបាន មួយគ្រឿងទៀតផងដែរឈ្មោះ ប្រាកយ៉ាន (Pragyan)។
គួរជម្រាបថា វាគឺជាបេសកកម្មលើកទីពីរហើយ ដែលឥណ្ឌាបានឆ្ពោះទៅព្រះច័ន្ទ ដោយលើកទីមួយគឺយាន Chandrayaan-1 ដែលជាការបញ្ជូនយានប្រភេទផ្កាយរណប ឲ្យទៅសិក្សាព្រះច័ន្ទពីចម្ងាយកាលពីឆ្នាំ២០០៨។ បេសកកម្មលើកទីពីរនេះគឺខុសគ្នាត្រង់ថា វាមានយានសម្រាប់ចុះចត និងយានសម្រាប់ចល័តនៅលើផ្ទៃព្រះច័ន្ទថែមទៀត។ បើការចុះចតទទួលជោគជ័យ ឥណ្ឌានឹងក្លាយជាប្រទេសទី ៤ ដែលមានយាននៅលើឋានព្រះច័ន្ទ បន្ទាប់ពីសូវៀត (រុស្ស៊ី) សហរដ្ឋអាមេរិក និងប្រទេសចិន៕