(តូក្យូ)៖ ការស្ទង់មតិរបស់ទីភ្នាក់ងារព័ត៌មាន Reuters បានបង្ហាញថា ក្រុមហ៊ុនជប៉ុនភាគច្រើនមានការគាំទ្រគោលជំហរតឹងរ៉ឹង របស់នាយករដ្ឋមន្រ្តីជប៉ុនលោក អាបេ ស៊ីនហ្សូ ពាក់ព័ន្ធនឹងវិវាទពាណិជ្ជកម្មជាមួយកូរ៉េខាងត្បូង។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ២០១៩។
ជម្លោះពាណិជ្ជកម្មរវាងជប៉ុន និងកូរ៉េខាងត្បូងត្រូវគេមើលឃើញថា បានរីករាលដាលឡើង ក្រោយតុលាការកំពូលនៅកូរ៉េខាងត្បូង សម្រេចបង្គាប់ឲ្យក្រុមហ៊ុនជប៉ុន ផ្តល់ប្រាក់សំណងដល់ជនរងគ្រោះ ក្នុងការបង្ខិតបង្ខំពលកម្មការងារនាសម័យអាណានិគម ជប៉ុននៅឧបទ្វីបកាលពីចន្លោះឆ្នាំ១៩១០-១៩៤៥។
ចាប់តាំងពីការសម្រេចខាងលើ ដែលធ្វើឡើងកាលពីខែមិថុនាកន្លងទៅ លោក អាបេ នៅថ្ងៃកក្កដាក៏បានរឹតត្បិតការនាំចេញ វត្ថុធាតុដើមបច្ចេកវិទ្យាកម្រចំនួន ០៣មុខ ដែលមានសារសំខាន់យ៉ាងខ្លាំង នៅក្នុងការផលិតបន្ទះឈីប និងផ្ទៃអេក្រង់របស់ក្រុមហ៊ុន បច្ចេកវិទ្យាកូរ៉េខាងត្បូងដូចជា Samsung ជាដើម។ ក្រោយមកក្នុងខែសីហានេះ រដ្ឋាភិបាលជប៉ុនបានប្រកាសលុបចោល ភាពអនុគ្រោះផ្នែកពាណិជ្ជកម្មសម្រាប់កូរ៉េខាងត្បូងថែមទៀត។
យ៉ាងណាមិញ យោងតាមការស្ទង់មតិរបស់ Reuters ក្រុមហ៊ុនជប៉ុនប្រមាណ ៧៥ភាគរយ បានបង្ហាញការគាំទ្រចំពោះចំណាត់ការរបស់រដ្ឋាភិបាលជប៉ុន៕