Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ៊ីរ៉ង់ណែនាំកូរ៉េខាងជើង៖ «កុំទុកចិត្តអាមេរិកខ្លាំងពេក ព្រោះយើងធ្លាប់ភ្លក្សរសជាតិនេះរួចហើយ» (Video inside)

20-08-2019 13:36

(តេហេរ៉ង់)៖ ទីក្រុងតេហេរ៉ង់បានណែនាំទីក្រុងព្យុងយ៉ាង កុំឲ្យជឿជាក់លើសហរដ្ឋអាមេរិកខ្លាំងពេក ដ្បិតអ៊ីរ៉ង់ធ្លាប់ភ្លក្សរសជាតិ នេះរួចហើយ គឺចង់សំដៅលើកាលដែលទីក្រុងវ៉ាស៊ីនតោន សម្រេចដកខ្លួនជាលក្ខណៈឯកតោភាគី ចេញពីកិច្ចព្រមព្រៀងអ៊ីរ៉ង់ឆ្នាំ២០១៥ កាលពីឆ្នាំមុន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ២០១៩។

អនុរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក អាប់បាស់ អារ៉ាកជី (Abbas Araqchi) បាននិយាយថា យោងតាមការមើលឃើញជាក់ស្តែង អាមេរិកគឺជាភាគីមិនអាចជឿទុកចិត្តបានឡើយ ដូចករណីដើរចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ជាឧទាហរណ៍ស្រាប់។ លោក Araqchi បានលើកឡើងដូច្នេះនៅក្នុងឱកាសជួបពិភាក្សាជាមួយប្រតិភូ មកពីសភាកូរ៉េខាងជើងនាដើមសប្តាហ៍នេះ។

គួរជម្រាបថា ក្នុងឱកាសនោះលោកអនុរដ្ឋមន្រ្តីការបរទេស ក៏បានប្រកាសពីត្រៀមខ្លួនរួចជាស្រេច ដើម្បីពង្រឹងទំនាក់ទំនងផ្នែកនយោបាយ រវាងអ៊ីរ៉ង់និងកូរ៉េខាងជើងផងដែរ ហើយលោកបានរំលេចពីឆន្ទៈ ចង់រៀបចំដំណើរទស្សនកិច្ចរបស់លោក ហ្សាវ៉ាដ ហ្សារីហ្វ (Javad Zarif) ដែលជារដ្ឋមន្រ្តីការបរទេសទៅកាន់ប្រទេសកូរ៉េខាងជើងថែមទៀត៕