ឡាវ៖ ក្រឡាប់រថយន្តដឹកភ្ញៀវទេសចរចិននាំឲ្យ «ស្លាប់៨នាក់ និងរបួសជិត៣០នាក់»
20-08-2019 10:58
(វៀងចន្ទន៍)៖ ស្ថានទូតចិនប្រចាំនៅប្រទេសឡាវ បានប្រាប់ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃអង្គារនេះថា ជនជាតិចិនសរុប ០៨នាក់បានស្លាប់ និង ២៩នាក់ផ្សេងទៀតបានរងរបួស ព្រមទាំងម្នាក់ទៀតកំពុងបាត់ខ្លួន នៅក្នុងគ្រោះថ្នាក់ក្រឡាប់រថយន្តមួយគ្រឿង នៅភាគខាងជើងប្រទេសឡាវ។ នេះបើតាមការចេញផ្សាយព័ត៌មាននាព្រឹកថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ២០១៩។
ឧប្បត្តិហេតុខាងលើបានកើតឡើង នៅពេលរថយន្តក្រុងដឹកភ្ញៀវទេសចរមួយគ្រឿង ដែលមានជនជាតិចិន ៤៣នាក់ និងជនជាតិឡាវពីរនាក់បានរអិលធ្លាក់ពីផ្លូវ នៅចំនុចមួយរវាងរដ្ឋធានីវៀងច័ន្ទ និងភាគខាងជើងនៃខេត្តហ្លួងព្រះបាង នៅចម្ងាយប្រហែល ១៨០គីឡូម៉ែត្រពីទីក្រុងវៀងច័ន្ទ កាលពីរសៀលថ្ងៃចន្ទម្សិលមិញនេះ។ ដោយឡែកមូលហេតុ នៃគ្រោះថ្នាក់នេះ ខាងមន្ត្រីប៉ូលីសឡាវបានគូសបញ្ចាក់ប្រាប់ថា ប្រហែលជាបណ្តាលមកពីបញ្ហាហ្វ្រាំង។
គួរបញ្ជាក់ថា បុគ្គលិកស្ថានទូតចិនប្រចាំនៅប្រទេសឡាវ និងស្ថានអគ្គកុងស៊ុលចិនប្រចាំនៅខេត្តហ្លួងព្រះបាង បានធ្វើដំណើរទៅកាន់កន្លែងកើតហេតុដោយផ្ទាល់ ដើម្បីស្វែងរក និងជួយសង្គ្រោះជនរងគ្រោះ។ ជាមួយគ្នានេះ ពួកគេបានក្រើនរំលឹកពីសុវត្ថិភាពក្នុងការធ្វើដំណើរ នៅពេលបើកបរក្នុងរដូវវស្សា ជាពិសេសនៅលើភ្នំ និងត្រូវត្រួតពិនិត្យយានយន្តឱ្យបានម៉ត់ចត់មុននឹងចេញដំណើរ៕