(ស៊ូដង់)៖ អតីតប្រធានាធិបតីស៊ូដង់ លោក Omar al-Bashir បានទទួលស្គាល់ថាលោកពិតជាបាន ទទួលបា្រក់២៥លានដុល្លារ និងរាប់លានដុល្លារទៀត ពីព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត មហាំម៉ាត់ ប៊ិន សាល់ម៉ាន (MBS) ខណៈលោកកំពុងរងការចោទប្រកាន់ពីបទពុករលួយ។ នេះបើ តាមមន្ត្រីប៉ូលិសស៊ើបអង្កេតស៊ូដង់ម្នាក់ ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ២០១៩។
មន្ត្រីប៉ូលិសស៊ើបអង្កេតស៊ូដង់ លោក Ahmed Ali Mohamed ធ្វើការអះអាងខាងលើប្រាប់តុលាការ ស៊ូដង់នៅថ្ងៃចន្ទ សប្ដាហ៍នេះ។ ពោលគឺក្នុងថ្ងៃតែមួយដែល លោក al-Bashir បង្ហាញខ្លួននៅក្នុង សវនាការ ដើម្បីប្រឈមមុខនឹងបទចោទប្រកាន់ពីបទពុករលួយ ដែលមេធាវីរបស់លោកផ្ទាល់ អះអាងថាជាការចោទប្រកាន់គ្មានមូលដ្ឋាន។
គួរបញ្ជាក់ថា លោក Omar al-Bashir មានអាយុ៧៥ឆ្នាំ ត្រូវបានយោធាស៊ូដង់ទម្លាក់ចេញពីតំណែង កាលពីខែមេសា កន្លងទៅ ក្រោយកាន់អំណាចអស់ជិត៣០ឆ្នាំ។ ម្យ៉ាងវិញទៀត ក្រោយអស់អំណាច យោធាស៊ូដង់ក៏បានឱ្យដឹងដែរថាប្រាក់ច្រើនជាង១១៣លានដុល្លារ ត្រូវបានគេរឹបអូសចេញពីផ្ទះរបស់ លោក Bashir៕