(តេហេរ៉ង់)៖ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា កប៉ាល់ដឹកប្រេងអ៊ីរ៉ង់ដែលមាន ឈ្មោះថ្មីថា អាដ្រែន៍ ដារយ៉ា (Adrian Darya ទើបប្តូរឈ្មោះពី Grace 1) បានចេញដំណើរឆ្ពោះទៅកាន់ដែនទឹកអន្តរជាតិ បន្ទាប់ពីត្រូវបានគេដោះលែងវិញ កាលពីថ្ងៃប្រហស្បត្តិ៍សប្តាហ៍មុន ហើយវាកំពុងឆ្ពោះទៅកាន់ប្រទេសក្រិក។ នេះបើតាមការដកស្រង់ដោយសារព័ត៌មាន Sputnik នាល្ងាចថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០១៩។

អាដ្រែន៍ ដារយ៉ា (Adrian Darya) ដែលពីមុនត្រូវបានគេស្គាល់ថា Grace 1 បណ្តោយ ៣៣០ម៉ែត្រ ព្រមទាំងទទឹង ៥៨ម៉ែត្រ និងមានដឹកប្រេងជាង ២លានបារ៉ែល ត្រូវបានអជ្ញាធរតំបន់ជីប្រាល់តា (Gibraltar) ដែលជាដែនដីនៅឯនាយសមុទ្ររបស់អង់គ្លេស បានឃាត់ទុកអស់រយៈជាងមួយខែមកហើយ ក្រោមការសង្ស័យថា កប៉ាល់នោះមានគោលដៅដឹកប្រេងឆ្ពោះទៅស៊ីរី ដែលល្មើសនឹងទណ្ឌកម្មអឺរ៉ុប។ ដោយឡែកកប៉ាល់ខាងលើ បានត្រូវគេដោះលែងវិញកាលពីថ្ងៃប្រហស្បត្តិ៍សប្តាហ៍មុន។

ទន្ទឹមនឹងនេះ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ក្រសួងយុត្តិធម៌អាមេរិកបានចេញដីកាមួយ ស្នើឲ្យអាជ្ញាធរអង់គ្លេសនៅតំបន់ Gibraltar បន្តឃាត់ទុកកប៉ាល់ដឹកប្រេងអ៊ីរ៉ង់ Grace 1 ដែលអង់គ្លេសទើបដោះលែងកាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែអាជ្ញាធរតំបន់ Gibraltar បានច្រានចោលសំណើរបស់អាមេរិកមួយនេះ៕