(ហុងកុង)៖ យោងតាមកិច្ចសម្ភាសន៍បែបស្ទាបស្ទង់មតិរបស់សារព័ត៌មានសិង្ហបុរី CNA ចាស់ទុំនៅទីក្រុងហុងកុង ហាក់ពុំគាំទ្រសកម្មភាពតវ៉ារបស់ក្រុមបាតុករ ដែលជាយុវជន-យុវតីនោះឡើយ ហើយជាទូទៅពួកគេគាំទ្រចំណាត់ការរបស់ប៉ូលិស ជុំវិញការបង្រ្កាបការបង្កចលាចល និងការរំខាននានាដែលបានអូសបន្លាយក្នុងទីក្រុងហុងកុង ជាច្រើនសប្តាហ៍មកហើយនេះ។
ប្រជាជនវ័យចំណាស់ភាគច្រើននៅហុងកុងយល់ឃើញថា សកម្មភាពដែលបាតុករបានប្រព្រឹត្តថ្មីៗនេះ ដូចជ្រុលហួសហេតុពេក ជាពិសេសកាលពីសប្តាហ៍មុនតែម្តង ដែលមានការប៉ះទង្គិចគ្នាខ្លាំង និងការបង្កភាពរាំងស្ទះដល់ប្រតិបត្តិការនៅព្រលានយន្តហោះ។
ម៉្យាងវិញទៀត ខណៈក្រុមបាតុករចោទប្រកាន់ថា កម្លាំងប៉ូលិសបានធ្វើសកម្មភាពបង្រ្កាបយ៉ាងហិង្សាទៅលើពួកខ្លួន មនុស្សចាស់ៗនៅទីក្រុងហុងកុងបានគូសបញ្ជាក់ថា បើតាមការមើលឃើញ ប៉ូលិសបានប្រើចំណាត់ការឆ្លើយតបដោយសាកសម គឺប្រើដៃធ្ងន់តបទៅវិញតែក្នុងករណីចាំបាច់ ឬក៏បាតុករគប់វត្ថុផ្សេងៗទៅលើពួកគេប៉ុណ្ណោះ។ មួយចំនួនថែមទៀតគិតថា ប៉ូលិសហាក់រៀងបន្ធូរបន្ថយដៃផង បើធៀបនឹងការបង្រ្កាបរបស់ប៉ូលិសនៅប្រទេសដទៃទៀត។
ខ្លះទៀតបានលើកឡើងថា ពួកយុវវ័យដែលធ្វើបាតុកម្ម កំពុងតែបង្កឲ្យទីក្រុងដែលផ្តល់ទីកំណើត និងជម្រកដល់ពួកគេទទួលរង ការខាតបង់ប្រយោជន៍ជាខ្លាំង។ មួយវិញទៀត ស្របពេលដែលចង់បានសេរីភាពសម្រាប់ខ្លួនឯង ពួកគេជាក់ស្តែងកំពុងបំផ្លាញ សេរីភាពរបស់អ្នកដទៃទៀតនៅក្នុងទីក្រុងហុងកុង។
គួរជម្រាបថា ចលនាបាតុកម្មនៅហុងកុង បានចាប់ផ្តើមឡើងកាលពីខែមិថុនា ដើម្បីប្រឆាំងនឹងផែនការអនុម័តច្បាប់ធ្វើបត្យាប័នដ៏ចម្រូងចម្រូសមួយ ដែលមានគោលដៅប្រគល់ខ្លួនជនសង្ស័យនៅហុងកុង ឲ្យប្រឈមមុខច្បាប់របស់រដ្ឋាភិបាលចិនដីគោក។ ជុំវិញបញ្ហានេះទាំងទីក្រុងប៉េកាំង និងអ្នកជំនាញអន្តរជាតិជាច្រើនសុទ្ធតែបានអះអាងថា បាតដៃខ្មៅ ឬបាតដៃទីបី គឺស្ថិតនៅពីក្រោយការដុតកំហឹងយុវវ័យ នៅក្នុងទីក្រុងហុងកុងនេះ។
ទោះបីអភិបាលក្រុងហុងកុង បានយល់ព្រមលុបចោលគម្រោងនេះក៏ដោយ សកម្មភាពតវ៉ានៅតែបន្តរហូតមកដល់ពេលនេះពោលគឺ ១១សប្តាហ៍ហើយ ខណៈហិង្សាប៉ះទង្គិចគ្នាជាមួយប៉ូលិសកាន់តែកើនឡើង ខណៈពីដំបូងៗគឺបានប្រព្រឹត្តទៅដោយសន្តិវិធី និងពុំមានការបង្កក្តីរំខានធ្ងន់ធ្ងរ នៅក្នុងទីក្រុងដូចមួយរយៈចុងក្រោយនេះទេ៕
ប្រភព៖ CNA (ថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០១៩)